ម៉ានីល ៖ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានប្រកាសថាលោកនឹងចុះចេញពីតំណែង បើសិនជាមិនអាចនាំយកសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រទេសជាតិ ឬក៏គ្មានសមត្ថភាពកម្ទេចពួក ISIS នៅក្នុងប្រទេសហ្វីលីពីនទេនោះ។ នេះបើតាមសារព័ត៌មាន Sputnik ។
ការថ្លែងបែបនេះ របស់លោក ឌូតឺតេ ធ្វើឡើង ក្រោយក្រុមសកម្មប្រយុទ្ធមានសម្ព័ន្ធភាពជាមួយពួក ISIS បានធ្វើសកម្មភាពវាយប្រហារមកលើទីក្រុង Marawi នៃកោះ Mindanao កាលពីថ្ងៃអង្គារ ដែលបានបណ្តាលឲ្យទាហានពីរនាក់ និងប៉ូលិសម្នាក់ទៀតបានស្លាប់ រួមជាមួយកម្លាំង១២នាក់ផ្សេងទៀត បានទទួលរងរបួស និងបានដណ្តើមកាន់កាប់អគារមួយចំនួន និងបានដុតបំផ្លាញសាលារៀន ព្រះវិហារ និងមន្ទីរឃុំឃាំងថែមទៀតផង។
ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាន លោកឌូតឺតេបានលើកឡើងថា៖ «បើសិនជាខ្ញុំគ្មានសមត្ថភាព និងលទ្ធភាពក្នុងការរក្សាសណ្ដាប់ធ្នាប់ ប្រទេសរបស់យើង ខ្ញុំសន្យាចំពោះអ្នកទាំងអស់គ្នាថា ខ្ញុំនឹងចុះចេញពីតំណែង ហើយទុកវាឱ្យអ្នកដទៃអង្គុយជំនួស»៕