ប៉ូលិស​អង់គ្លេស​ចាប់បាន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​បំផ្ទុះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2017 ក+ ក-

អង់គ្លេស ៖ សង្ស័យ​ចំនួន​បីនាក់​បន្ថែមទៀត​ត្រូវបាន​ប៉ូលិស​អង់គ្លេស​ចាប់ខ្លួន និង​បញ្ជូនទៅ​ត្រៀម​ធ្វើការ​សួរចម្លើយ បន្ទាប់ពី​បុរស​វ័យ​២៣​ឆ្នាំ​ម្នាក់​ក៏ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ផងដែរ​កាលពី​ថ្ងៃ​អង្គារ ដែល​សរុប​ទាំងអស់​ចំនួន​៤​ហើយ ក្រោយ​អំពើ​ភេរវកម្ម​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត កើតមានឡើង​ក្នុង​ទីក្រុង​ធំ​ទី​ពីរ Manchester ​កាលពី​យប់​ថ្ងៃ​ចន្ទ​។​
​បើតាម​ប៉ូលិស​បញ្ជាក់ថា ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​សាល​ប្រគុំ​តន្ត្រី Manchester Arena ក្នុង​ទីក្រុង Manchester មាន​ឈ្មោះថា Salman Abedi អាយុ​២២​ឆ្នាំ និង​មាន​ម្ដាយ​ឪពុក​ជា​ជនភៀសខ្លួន​មកពី​ប្រទេស​លី​ប៊ី​។ ចំណែកឯ​ក្រុម ISIS តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ Amaq ក៏បាន​អះអាង​ដែរ​ថា ជន​បំផ្ទុះ​គ្រាប់បែក អត្តឃាត​រូបនេះ​គឺជា​អ្នក​ប្រយុទ្ធ​របស់​ពួកគេ​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន BBC​។​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​សាល​ប្រគុំ​តន្ត្រី Manchester Arena ក្នុង​ទីក្រុង Manchester ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ២២​នាក់​បាត់​បង់ជីវិត​ក្នុង​ថ្លុកឈាម និង​៥៩​នាក់​ទៀត​រងរបួស​៕

fn-2017-05-24-16-59-33-0