ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានប្រើអំពើហិង្សាកាប់អោយភាគីម្ខាងទៀតរងរបួសធ្ងរធ្ងរ ដែលករណីនេះបានកើតឡើងកាលពីម៉ោង៦ និង១០នាទីកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧វេលាត្រង់ចំណុចមុខសាលារៀនព្រែកហ្លួង ក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុងឯកភ្នំ ខេត្តបាត់ដំបង។
លោកឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយសារព័ត៍មេគង្គប៉ុស្តិ៍ ដឹងថា ហេតុការបង្ករបួសស្នាមឈានដល់ការវាយតប់និងកាប់គ្នានេះកើតឡើងដោយសារមានទំនាស់ពាក្យសំដីជាមួយគ្នាកន្លងមករវាងក្រុមក្មេងទំនើងចំនួន២ក្រុម ទើបឈានដល់ការលាក់វត្ថុតាងតាមជាប់និងខ្លួនក្នុងចេនាដោះស្រាយគំនុំផ្ទុយនិងច្បាប់។
ករណីនេះបានកើតឡើងកាលពីម៉ោង៦ និង១០នាទីកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ វេលាត្រង់ចំណុចមុខសាលារៀនព្រែកហ្លួង ក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុងឯកភ្នំ ខេត្តបាត់ដំបង រហូតដល់ថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៧កម្លាំងរបស់លោកក្រោមកិច្ចសហការរួមជាមួយកម្លាំងនគរបាលស្រុកឯកភ្នំបន្តការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣ទៀត។
ជនសង្ស័យឈ្មោះវ៉ាន់ រ៉ាវី ហៅវីន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំបានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ ឈ្មោះម៉ាប់ ចាន់នូ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង បាត់ដំបង បណ្តាលឲ្យរបួសធ្ងន់ត្រង់ប្រអប់ដៃឆ្វេងនិង មួយកន្លែងទៀតក្បែរកញ្ចឹងកខាងឆ្វេង។
បច្ចុប្បន្នកម្លាំងក្រុមបង្ការបង្ក្រាបកំពុងរៀបចំបែបបទ ប្រគល់ទៅអោយការិយាល័យជំនាញបន្តដើម្បីចាត់ការតាមនីតិវិធី៕