រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យគណបក្សកាន់អំណាចត្រូវបានសារព័ត៌មានដកស្រង់សំដីមកចុះផ្សាយថា ប្រសិនបើមន្ត្រីគណបក្សប្រឆាំងធ្វើអ្វីមិនគិត និងមិនគោរពច្បាប់ ឬមិនគោរពតាមកិច្ចព្រមព្រៀងទេនោះ នឹងជាប់ជុចហើយ ហើយមិនមែនជាការគំរាមទេ ព្រោះយើងមានច្បាប់ត្រូវគោរពច្បាប់ ។
លោក សុខ ឥសាន អ្នកនាំពាក្យ CPP បញ្ជាក់ថា ដើម្បីកែទម្រង់ការបោះឆ្នោត ដោយផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សទាំងពីរដែលមានអសនៈក្នុងសភា បានឯកភាពគ្នា ធ្វើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីកាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយបានយករាល់បាតុភាពអសកម្មទាំងឡាយដែលបានកើតមានកាលពីបោះឆ្នោតមុនៗ មកបញ្ចូលទៅក្នុងខ្លឹមសារច្បាប់ថ្មីទាំងអស់ ។
លោក សុខ ឥសាន្ត បញ្ជាក់ថា « បើរារាំងគេមិនឲ្យបោះឆ្នោត ត្រូវទទួលផាកពិន័យ និងគុក ។ បើចោទគេថាយួន មិនឲ្យបោះឆ្នោត ត្រូវទទួលផាកពិន័យ និងគុក ។ ឃោសនាជេរប្រមាថ ផាកពិន័យ និងគុក បើជាបេក្ខជន ហើយធ្វើផ្តេសផ្តាស ត្រូវវផាកពិន័យ និងគុក ថែមទាំងត្រូវហាម មិនឲ្យឈរឈ្មោះទៀត និងសកម្មភាពមួយចំនួនទៀត » ។
លោក សុខ ឥសាន្ត បន្តថា បើជាគណបក្ស បើប្រព្រឹត្តល្មើសច្បាប់ ត្រូវផាកពិន័យ និងត្រូវព្យួរមិនឲ្យធ្វើនយោបាយ៥ឆ្នាំ ។ បោះឆ្នោតហើយតវ៉ា នឹងត្រូវផាកពិន័យ និងគុក និងថែមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ ។ បើមិនចូលប្រជុំដំបូង ត្រូវបាត់អសនៈដោយស្វ័យប្រវត្តិ ហើយយកអសនៈទៅចែកឲ្យអ្នកផ្សេង ។ បើតវ៉ាអនាធិបតេយ្យតាមដងផ្លូវ នឹងត្រូវដំបង ហើយឈានទៅរំលាយចោលទៀតផង ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងអ្នកគាំទ្រត្រូវបានគេមើលឃើញថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅនឹងច្បាប់ស្តីពីការបោះឆ្នោត ដែលគណបក្សទាំង២បានព្រមព្រៀង និងដាក់បញ្ចូលទៅក្នុងច្បាប់ជាធរមាន ។ ប៉ុន្តែមកដល់ពេលនេះ ខាង គជប ហាក់មិនទាន់មានប្រតិកម្មអ្វីនៅឡើយ បើទោះជាយុទ្ធនាការឃោសនាបោះឆ្នោតឈានចូលដល់ថ្ងៃទី៦ ហើយសម្លេងគ្រោតគ្រាតនៃថ្នាក់ដឹក និងអ្នកគាំទ្រគណបក្សប្រឆាំងកំពុងលាន់ឮរំពងពេញផ្ទៃប្រទេស៕