អង់គ្លេស​ផ្ទុះ​កំហឹង​ជាមួយ​សារ​ព័ត៌មាន​អាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2017 ក+ ក-

​អង់គ្លេស ៖ ថ្នាក់ដឹកនាំ​អង់គ្លេស​បាន​បាន​ផ្ទុះ​កំហឹង​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ដែល​បានដាក់​បង្ហាញ​រូប​ភាពជា​ភស្តុតាង​កំពុងស្ថិត​នៅក្រោម​ការងា​រ​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ករណី​វាយប្រហារ​នៅ Manchester Arena កាលពី​ថ្ងៃ​ចន្ទ ដោយ​អះអាងថា​បានធ្វើ​ឲ្យ​ប៉​ញ​ពាល់​ដល់​ដំណើរការ​ស៊ើបអង្កេត​។​
​ការផ្ទុះ​កំហឹង​នេះ​កើតឡើង​បន្ទាប់​សារព័ត៌មាន​អាមេរិក New York Times បាន​ទៅ​ចុះផ្សាយ​ដាក់​បង្ហាញ​រូប​ភាពជា​ភស្តុតាង​ដែល​កំពុងស្ថិត​នៅក្រោម​កា​រងារ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​។​
​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្លែងថា លោកស្រី នឹង​លើកយក​បញ្ហា​ធ្វើ​ឲ្យ​លេច​ធ្លាយ​ភស្តុតាង​ការវាយប្រហារ​នេះ ទៅ​ជជែក​ជាមួយ​លោក​ត្រាំ​នៅពេល​ប្រជុំ​កំពូល​ជាមួយ​អង្គការ​ណា​តូ​។ ចំណែក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​របស់​របស់​អង់គ្លេស​លោកស្រី Amber Rudd ថ្លែងថា​លោកស្រី ខឹង​ខ្លាំង​ចំពោះ​ការធ្វើ​ឲ្យ​លេច​ធ្លាយ​ភស្តុតាង​ទាំងនេះ ហើយ​លោកស្រី​ព្រមាន​មិនត្រូវ​ឲ្យ​មាន​ករណីបែបនេះ​កើតឡើង​ម្តងទៀត​នោះទេ​។​
​គួរ​បញ្ជាក់ថា រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បុរស​៧​នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​ការវាយប្រហារ​គ្រាប់បែក នៅ​កន្លែង​ប្រគំ​តន្ត្រី​មួយ​នៅក្នុង​ទីក្រុង Manchester របស់​អង់គ្លេស កាលពី​យប់​ថ្ងៃ​ចន្ទ ដែល​បាន​បណ្តាល​មនុស្ស​២២​នាក់​ស្លាប់ និង ៦៤​នាក់​រងរបួស​៕

1