ខេត្តរតនគិរី ៖ អ្នកទោសដែលសមត្ថកិច្ចចាប់ខ្លួនបានមកវិញថ្មីនេះ ក្នុងចំណោមអ្នកទោសទាំង៤នាក់ ដែលបានរត់គេចខ្លួនចេញពីពន្ធនាគារ កាលពីវេលាម៉ោង២.១០នាទី រំលងអាធ្រាត ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ អ្នកទោសដែលចាប់ខ្លួនបានត្រឡប់មកវិញម្នាក់នេះ មានឈ្មោះ សូម ហាក់ ជាប់ទោសពីបទផ្ដល់មធ្យោបាយឲ្យអ្នកទោសលួចរត់ចេញពីពន្ធនាគារ ដោយទៅសួរសុខទុក្ខបងប្អូនក្នុងពន្ធនាគារ លួចបង្កប់ផ្លែរណាអាដែកក្នុងស្បែកជើងផ្ទាត់ កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧។
តាមការឲ្យដឹងពីលោក ទីន សុវណ្ណនី ប្រធានពន្ធនាគារ ខេត្តរតនគិរី នៅរសៀលថ្ងៃទី៣១ ខែឧសភា នេះថា បន្ទាប់ពីលោកបានដឹកនាំកម្លាំងតាមស្រាវជ្រាវ រយៈពេល៤ថ្ងៃកន្លងមកនេះ ទើបឈានដល់ការកំណត់ទីតាំងលាក់ខ្លួនបាន លោកក៏ដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកវើនសៃ ចាប់បាននៅវេលាម៉ោង១២ និង០០នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិវ៉ង ឃុំកាជូន ស្រុកវើនសៃ ខេត្តរតនគិរី ត្រង់ចំណុច ក្រុមហ៊ុនម៉ាងយ៉ាងខេ។ បច្ចុប្បន្នអ្នកទោសរូបនេះ ត្រូវបញ្ជូនខ្លួនចូលពន្ធនាគារវិញហើយ៕