NASA អះអាងថា យានអវកាស​របស់ខ្លួន​នឹង​ហោះ​ទៅជិត​ព្រះអាទិត្យ​នៅ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2017 ក+ ក-

​អន្តរជាតិ ៖ យានអវកាស​របស់​អង្គការ NASA គ្រោង​នឹង​ត្រង់​ទៅកាន់​ព្រះអាទិត្យ​នៅ​ឆ្នាំក្រោយ​ហើយ​ដាក់ឈ្មោះ​អ្នកវិទ្យាសាស្ត្រ​អវកាស​ម្នាក់​ដែល​បាន​សិក្សា​អំពី​ចរន្ត​ខ្យល់​ក្នុង​គន្លង​ព្រះអាទិត្យ​កាលពី​ជិត​៦០​ឆ្នាំមុន​។​
​ទីភ្នាក់ងារ​អវកាស​មួយ​នេះ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា បេសកកម្ម​មួយ​នេះ​នឹង​ត្រូវបាន​ដាក់ឈ្មោះ​តាម​លោក Eugene Parker ដែលជា​សាស្ត្រាចារ្យ​នៅឯ​សាកលវិទ្យាល័យ​ឈី​កា​ហ្គោ​។ ប្រធាន​បេសកកម្ម​វិទ្យាសាស្ត្រ​របស់​ទីភ្នាក់ងារ​នេះ​គឺ​លោក Thomas Zurbuchen បាន​កត់សម្គាល់ថា វា​ជា​យានអវកាស​របស់​អង្គការ NASA ដំបូង​គេ​ដែល​ត្រូវបាន​ដាក់ឈ្មោះ​តាម​អ្នកស្រាវជ្រាវ​ម្នាក់​ដែល​នៅមាន​ជីវិត​។​
​ដោយ​គ្រោង​នឹង​បាញ់​បង្ហោះ​នៅ​រដូវក្តៅ​ក្រោយ​ចេញពី​ទីតាំង Cape Canaveral យាន Parker Solar Probe នឹង​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​៤​លាន​ម៉ា​យល៍​នៃ​ផ្ទៃ​ព្រះអាទិត្យ​ចូលទៅក្នុង​បរិយាកាស​ព្រះអាទិត្យ​។ នោះ​នឹង​ត្រូវបាន​គេ​កត់សម្គាល់ថា​មាន​ចម្ងាយ​ជិត​ជាង​យានអវកាស​ណាមួយ​ផ្សេងទៀត​។​
​គោលបំណង​គឺ​ដើម្បី​សិក្សា​អំពី​បរិយាកាស​ខាងក្រៅ​របស់​ព្រះអាទិត្យ​និង​យល់​កាន់តែច្បាស់​អំពី​ថា​តើ​ផ្កាយ​ធ្វើការ​ដោយ​របៀប​ណា​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​មាន​សង្ឃឹមថា ទិន្នន័យ​របស់​វា​នឹងធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​ការ​ព្យាករ​នៃ​ព្យុះ​ព្រះអាទិត្យ​និង​ព្រឹត្តិការណ៍​អាកាសធាតុ​អវកាស​ដែល​ប៉ះពាល់​ដល់​ជីវិត​នៅលើ​ផែនដី ផ្កាយរណប​និង​អ្នក​អវកាស​នៅក្នុង​លំហរ​អាកាស​។​
Nicola Fox ដែលជា​អ្នកវិទ្យាសាស្ត្រ​នៃ​គំរោង​បេសកកម្ម​មួយ​នេះ​មកពី​សាកលវិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹងថា យានអវកាស Parker Solar Probe ដែល​កាលពីមុន​ត្រូវបាន​គេ​ស្គាល់​ថា Solar Probe Plus នឹងធ្វើ​ដំណើរ​ផ្សងព្រេង​ជិត​ជាង​យានអវកាស​ផ្សេងៗ​កាលពី​លើក​មុន​រហូតដល់​ទៅ​ប្រាំ​ពីរដង​ឯណោះ​។​
​គួរ​បញ្ជាក់ថា សេចក្តីប្រកាស​នេះ​បាន​ធ្វើឡើង​ក្នុងអំឡុង​ពិធី​មួយ​នៅ​សាកលវិទ្យាល័យ​ឈី​កា​ហ្គោ​ដើម្បី​លើក​កិ​ត្ដិ​យ​ដល់​លោក Parker ដែល​នឹង​ឈានដល់​អាយុ​៩០​ឆ្នាំ​នៅ​ថ្ងៃទី​១០​ខែមិថុនា​៕

download-13