ខេត្តបាត់ដំបង ៖ ពលករខ្មែរចំនួន២នាក់ ដែលធ្វើការក្នុងប្រទេសថៃគ្រាជិះរថយន្តឆ្លងកាត់ផ្លូវដែកត្រូវរថភ្លើងបុកបណ្តាលអោយស្ត្រីម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ទៀតជាបុរស ។ កាសែតថៃរ៉ាត់បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧កន្លងមកនេះនៅលើកំណាត់ផ្លូវលេខ៣៣១២ ស្ថិតក្នុងភូមិ២ ឃុំណងបួរ ស្រុកបានពោធិ៍ ខេត្តឆៈឈើងសៅ ប្រទេសថៃ។
សាក្សីនៅក្នុងទីតាំងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាកតូយូតាវីហ្គូ ព៌ណស ពាក់ស្លាកលេខស្រះកែវ៩២២៤ មួយគ្រឿងបើកបរដោយជនជាតិថៃ មកដល់ចំណុចប្រសព្វរវាងផ្លូវថ្នល់និងផ្លូវរថភ្លើងស្រាប់តែរថយន្តបានធ្លាក់ជង្ហុកជាប់ទៅមុខមិនរួច ចៃដន្យពេលនោះរថភ្លើងបានមកដល់ល្មមក៍បុករថយន្តរុញខ្ទប់ទៅជាប់នឹងបង្គោលស្លាកសញ្ញារថភ្លើងតែម្តង។
ក្រោយពីសមត្ថកិច្ចបានគាស់និងកាត់រថយន្តដើម្បីសង្គ្រោះជនរងគ្រោះគេឃើញជនរងគ្រោះម្នាក់បានស្លាប់បាត់ទៅហើយជាស្ត្រីពលករខ្មែរ ចំណែកបុរសម្នាក់ទៀតឈ្មោះណឺត ស្រូយ អាយុ៣៩ឆ្នាំជាពលករខ្មែរដែរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសថៃ។
បច្ចុប្បន្នកំលាំងជំនាញកំពុងរាយការណ៍ទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃដើម្បីស្រាវជ្រាវរកសាច់ញាតិនិងអាលបញ្ជូនមកប្រគល់អោយក្រុមគ្រួសារនៅឯស្រុកកំណើត៕