ISIS ចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​នៅ​កាស៊ីណូ​ក្នុង​ទីក្រុង​ម៉ានីល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2017 ក+ ក-

​ម៉ានីល ៖ ក្រុម​សកម្មប្រយុទ្ធ ISIS បាន​ចេញមុខ​អះអាងថា ខ្លួន​គឺជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការវាយប្រហារ នៅ​សណ្ឋាគារ​-​កាស៊ីណូ​លំដាប់​អន្តរជាតិ​មួយកន្លែង​ក្នុង​រដ្ឋធានី​ម៉ានីល ខណៈដែល​ប៉ូលិស​ហ្វីលីពីន​នៅតែ​បន្ត​អះអាង​ជា​ដដែលៗ​ថា ករណីនេះ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះឡើយ​។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​ទូរទស្សន៍ CNN​។​
​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញនេះ ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្រុក​ចូលទៅក្នុង​សណ្ឋាគារ​-​កាស៊ីណូ Resorts World Manila ហើយ​បានធ្វើការ​បាញ់បោះ​យ៉ាង​កម្រោល​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​មួយ​ដើម ប៉ុន្តែ​ពុំបាន​ត្រូវចំ​មនុស្ស​ណា​ម្នាក់​ឡើយ ហើយ​ជន​រូបនេះ​ក៏បាន​ចាក់​សាំង​ដុត​សម្ភារៈ​កាស៊ីណូ បណ្តាល​ឲ្យ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ និង​បន្តទៅ​ប្រមែ​ប្រមូលយក​កាក់​កាស៊ីណូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រួច​គេចខ្លួន​បាត់ស្រមោល​ទៅក្នុង​ភាពវឹកវរ​។​
​ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​ក៏បាន​រកឃើញ​សាកសព​មនុស្ស​យ៉ាងតិច​៣៧​នាក់ រួមទាំង​ខ្មាន់កាំភ្លើង​ផងដែរ និង​៥៤​នាក់​ផ្សេងទៀត​របួស ហើយ​ពួកគេ​ភាគច្រើន ត្រូវ​ជឿជាក់ថា​បាន​បាត់​បង់ជីវិត ដោយសារ​ថប់ដង្ហើម ព្រោះតែ​ផ្សែង​អគ្គីភ័យ​ក្នុង​កាស៊ីណូ​។​
​ទោះបីយ៉ាងណា​មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន​បានចេញ​មុខ​លើកឡើងថា «​ពួក ISIS តែងតែ​អាច​ចេញមុខ​អះអាងថា​នេះ​ថា​នោះ តាមតែ​ចិត្ត​ពួកគេ​ចង់ ព្រោះ​ពួកគេ​មាន​ភាពល្បីល្បាញ​ដោយសារតែ​ការធ្វើ​ដូច្នោះ នៅ​រាល់ពេល​មាន​អំពើ​វាយប្រហារ​ដ៏​ខ្មៅ​ងងឹត​កើតឡើង​ជុំវិញ​ពិភពលោក​។ ក៏ប៉ុន្តែ​ករណី​នា​ថ្ងៃ​សុក្រ​នេះ ពុំមាន​ភស្តុតាង​ឬ​ធាតុពិត​ជាក់ស្តែង​ណាមួយ បញ្ជាក់ថា វា​គឺជា​សកម្មភាព​ភេរវកម្ម​ឡើយ​»៕

170602120009-04-philippines-manila-suspect-split-exlarge-169