UNSC សម្រេច​ដាក់ទណ្ឌកម្ម​​បន្ថែមទៀត​លើ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2017 ក+ ក-

​យូ​អិន ៖ ភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ បាន​រាយការណ៍​ថា ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ UNSC បានសម្រេច​បន្ថែម​ទណ្ឌកម្ម​ទៀត ទៅលើ​ប្រទេស​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​ធ្វើតេស្ត​បាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើនលើក​ច្រើនសា​របស់​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ដោយ​មិន​ខ្វាយខ្វល់​ពី​ច្បាប់​អន្តរជាតិ​។​
​នៅក្នុង​ដំណោះស្រាយ ដែល​ទទួលបាន​ការព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆន្ទ ដោយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​១៥​ប្រទេស បានសម្រេច​ធ្វើការ​ហាមឃាត់​ការធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល​សំខាន់ៗ​ចំនួន​១៤​រូប​នៅ​កូរ៉េខាងជើង និង​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​កូរ៉េខាងជើង​ចំនួន​ពីរ​ថែមទៀត ព្រម​ជាមួយនឹង​ធនាគារ​មួយ ដែល​ត្រូវបាន​គេ​ដឹងថា កំពុង​ជួយ​គាំទ្រ​កងកម្លាំង​យុទ្ធសាស្ត្រ​រ៉ុក្កែត របស់​កងទ័ព​កូរ៉េខាងជើង​។​
​ជាមួយគ្នា​នោះ​ក្រុមប្រឹក្សាសន្តិសុខ​របស់ UN ក៏បាន​ថ្កោលទោស​ផងដែរ នៅក្នុង​ក្របខណ្ឌ​ដ៏​យូរអង្វែង ចំពោះ​សកម្មភាព​នៃ​ការអភិវឌ្ឍ​គ្រាប់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​បានបង្ហាញ​នូវ​សញ្ញា​គ្រោះថ្នាក់​ខ្លាំង​បំផុត ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៦​មក​។ ទន្ទឹម​នោះ UNSC ក៏បាន​អំពាវនាវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង បោះបង់ចោល​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ និង​សកម្មភាព​ពាក់ព័ន្ធ​ដទៃៗ​ទៀត ហើយ​ងាក​មករក​កិច្ចសហការ ដោះស្រាយ​បញ្ហា​ជាមួយនឹង​សហគមន៍​អន្តរជាតិ​វិញ​៕

fn-2017-06-03-09-26-36-0