តម្រួត​ថៃ​ចាប់​ពលករ​ខ្មែរ​១៤​នាក់​បញ្ជូនទៅ​ដាក់គុក​ធំ​នៅ​ខេត្ត​ស្រះកែវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​១៦​នាក់ ដែល​ចូលទៅ​ធ្វើការ​ព្រឹក​វិល​ល្ងាច តាម​ច្រក​បឹង​ត្រកួន​ទៅក្នុង​ទឹកដី​ថៃ ត្រូវបាន​សមត្ថកិច្ច​ថៃ​ស្រុក​តា​ប្រា​យ៉ា​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២ ខែមិថុនា ឆ្នាំ​២០១៧​។​
​ក្រោយ​ចាប់ខ្លួន​ពលករ​ខ្មែរ​ទាំង​១៦​នាក់​នោះ សមត្ថកិច្ច​ស្រុក​តា​ប្រា​យ៉ា បាន​ចាត់​បញ្ជូន​ភ្លាមៗ​ទៅកាន់​ខេត្ត​ស្រះកែវ ដើម្បី​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​មានតែ​ក្មេង​២​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ដោះលែង​ឲ្យ​វិល​ត្រឡប់មកផ្ទះ​សម្បែង​ខ្លួន​វិញ ដោយ​លេស​ថា មិនទាន់​គ្រប់​អាយុ​។​
​យោងតាម​សម្តី​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​បឹង​ត្រកួន​នៃ​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ថៃ​បានធ្វើការ​ចោទប្រកាន់​ទៅលើ​ពលករ​ខ្មែរ​ទាំង​១៤​នាក់​ថា បានធ្វើការ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្លួន​ហើយ​កំពុង​ដាក់​សំណុំរឿង​ឲ្យ​ទៅ​តុលាការ​ជំនុំជម្រះ​។​
​សូមបញ្ជាក់​ផងដែរ​ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែមិថុនា​នេះ សមត្ថកិច្ច​ចម្រុះ​ឈរជើង​នៅ​ចំណុច​ច្រក​បឹង​ត្រកួន​រួមទាំង​អាជ្ញាធរ​ឃុំ​គោក​រមៀត​បានធ្វើការ​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ស្រុក​តា​ប្រា​យ៉ា ដើម្បី​សុំ​ឲ្យ​មានការ​ដោះលែង​ពលករ​ខ្មែរ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀងទ្វេភាគី​តែ​ភាគី​ថៃ​បាន​លើកឡើងថា សម្រេច​លើ​តុលាការខេត្ត​ស្រះកែវ ព្រោះ​បាន​បញ្ជូន​ដល់ដៃ​តុលាការ​ហើយ​។​ដោយ​ការចរចារ​មិនអាច​ដោះស្រាយបាន នៅ​រសៀល​ថ្ងៃទី​៣ ខែមិថុនា​នេះ មាន​ក្រុម​រថយន្ត​ជាច្រើន​គ្រឿង ដែលជា​បងប្អូន​សាច់ញាតិ​របស់​ពលករ​ជាប់ឃុំ​បាននាំគ្នា​មក​ឈប់​ចត​បិទ​មាត់ច្រក​បឹង​ត្រកួន ដើម្បី​មិន​ឲ្យ​រថយន្ត​ធំៗ​របស់​ពលរដ្ឋ​ថៃ ដែល​ចូលមក​ទិញ នឹង​ដឹក​ដំឡូង​ក្នុងភូមិ​សាស្ត្រ​បឹង​ត្រកួន​អាច​វិលត្រឡប់​ចូលទៅ​ទឹកដី​ខ្លួន​វិញ​បានទេ​។ ការបិទ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​បងប្អូន​ជា​ពលករ​ទាំងអស់​នោះមក​វិញ​៕

x40