ខេត្តបន្ទាយមានជ័យ ៖ អាវុធសម្រាប់ធ្វើសឹកសង្គ្រាម និងគ្រាប់រំសេវ ដែលជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានគេប្រទះឃើញធ្លាក់ចេញពីរថយន្តមួយគ្រឿង ខណៈ ដែលរថយន្តនោះបើកលឿនធ្លាក់ផ្លូវហើយត្រូវក្រឡាប់ចូលក្នុងប្រឡាយទឹក ដែលភ្លាមៗ នោះគេកំពុងសង្ស័យថា អាចមានពាក់ព័ន្ធនឹងរថយន្តរបស់ខ្មែរមួយគ្រឿងទៀតដែលបានបើកបរឆ្លងដែនចូលទៅតាមក្រោយ ។
របាយការណ៍ដែលយើងទទួលបានពីសារព័ត៌មានថៃ បានបញ្ជាក់ថា ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ៣ ខែមិថុនាឆ្នាំ២០១៧ ត្រង់ចំណុចអូរសុន ស្ថិតក្នុងឃុំឡែមកាឡាត់ ស្រុកមឿង ខេត្ត្តត្រាតប្រទេសថៃ ។ របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុគឺគេបានប្រទះឃើញមានរថយន្តមួយគ្រឿង ម៉ាក អ៊ីស៊ុយៗ ឌីមេក ព៌ណខ្មៅ ពាក់ស្លាកលេខ ១៥១០ ( មានសញ្ញាកងចក្រ )ដែលបើកបរដោយជនជាតិថៃម្នាក់ឯង ។ ស្ថិតក្នុងល្បឿនយ៉ាងលឿននោះ នៅពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ចេញពីផ្លូវ ក្រឡាប់ចូលក្នុងប្រឡាយទឹកតែម្តង ដោយភ្លាមៗនោះដែរ ក្រុមតម្រួតបានចុះមកដល់ក៏បានប្រទះឃើញមានអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងរថយន្ត ទើបត្រូវឃាត់ខ្លួនអ្នកបើកបរជាបណ្តោះអាសន្ន ដើម្បីនាំខ្លួន យកទៅសាកសួរ ។
អាវុធដែលសមត្ថកិច្ចធ្វើការដកហូតនោះរួមមាន កាំភ្លើងខ្នាត ៧,៦២ មីល្លីម៉ែត្រ ចំនួន៤ដើម កែវស៊ីបសម្រាប់បំពាក់លើកាំភ្លើងខ្នាត ៧,៦២ មីល្លីម៉ែត្រ ចំនួន១ បង់កាំភ្លើងខ្នាត ៧,៦២មីល្លីម៉ែត្រ ចំនួន៤បង់ កាំភ្លើងធុន អាកា៤៧ ចំនួន២៩ដើម ក្នុងនោះមាន ស្វ័យបត់ ចំនួន១០ដើម បង់កាំភ្លើងអាកា៤៧ ខ្នាត៣០គ្រាប់ ចំនួន៣៦បង់ បង់កាំភ្លើងខ្នាត៥,៥៦ មីល្លីម៉ែត្រ ចំនួន២ គ្រាប់បែកដៃ១គ្រាប់ គ្រាប់ខ្នាត ៩មីល្លីម៉ែត្រ ចំនួន១០ គ្រាប់ គ្រាប់កាំភ្លើងធុន អឹម ៧៩ ចំនួន៥៣គ្រាប់ គ្រាប់កាំភ្លើង អាកា៤៧ ចំនួន ៤ ១៤៧ គ្រាប់ វិទ្យុទាក់ទងភ្ជាប់រថយន្ត និងរីម៉ូត ១ឈុត ។ នៅថ្ងៃដដែលនោះដែរវេលាម៉ោង ១០ ព្រឹក មានរថយន្តកម្ពុជា១គ្រឿង ម៉ាកឡង់រឺវ៊ែរព៌ណស ពាក់ស្លាកលេខ 2AD-5629 បានបើកបរឆ្លងដែន និងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរបស់ថៃ កម្ពុជា ត្រង់ចំណុចឃុំហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាតដោយមានការសង្ស័យ ខ្លាចមានការពាក់ព័ន្ធទៅនឹងករណីទី១ ទើបសមត្ថកិច្ចថៃ បានឃាត់រថយន្ត និងអ្នកបើកបរយកទៅកាន់ស្ថានីយ៍តម្រួតថៃ ដើម្បីធ្វើការសាកសួរ ដោយរហូតមកទល់នឹងពេលនេះយើងនៅមិនទាន់បានទទួលនូវព័ត៌មានលម្អិត ណាមួយ នៅឡើយទេ ពាក់ព័ន្ធនឹងការនាំអាវុធខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ៕