៤​ប្រទេស​នៅក្នុង​ពិភព​អារ៉ាប់​ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​កាតា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2017 ក+ ក-

​រី​យ៉ា​ដ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ៤​ប្រទេស​នៅក្នុង​ពិភព​អារ៉ាប់​បានប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត និង​រាល់​ទំនាក់ទំនង​ដែនទឹក និង​អាកាស ជាមួយ​ប្រទេស​កាតា នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ចោទ​ប្រទេស​កាតា​ថា ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ប្រទេស​៤​នោះ​រួមមាន ៖ អា​រ៉ា​ប៊ី​សា​អូឌីត​, អេ​មី​រ៉ាត់​អារ៉ាប់​រួម​, អេ​ហ្ស៊ី​ប និង​បា​រ៉ែ​ន ដោយ​ទីក្រុង​រី​យ៉ា​ដ​បាន​អះអាងថា ការធ្វើ​បែបនេះ​គឺជា​រឿង​ចាំបាច់ ដើម្បី​ការពារ​ប្រទេស​របស់ខ្លួន​ពី​ភេរវកម្ម និង​សកម្មភាព​ជ្រុលនិយម​។
​តាម​ការបញ្ជាក់​ពី​ក្រុមមន្ត្រី អា​រ៉ា​ប៊ី​សា​អូឌីត បានឱ្យដឹងថា ទីក្រុង​រី​យ៉ា​ដ បានសម្រេច​ចិត្ត​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត និង​ស្ថាន​កុងស៊ុល​ជាមួយ​ប្រទេស​កាតា ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិ​អធិបតេយ្យភាព ដែល​ធានា​ដោយ​ច្បាប់​អន្តរជាតិ និង​ការពារ​សន្តិសុខ​ជាតិ​ពី​គ្រោះថ្នាក់​បង្កឡើង​ដោយ ក្រុម​ភេរ​វករ និង​សកម្មភាព​ជ្រុលនិយម​៕

fn-2017-06-05-10-24-54-0