យ៉េមែន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរបានចេញផ្សាយថា ប្រទេសយ៉េមែន ដែលកំពុងវីវក់នឹងសង្គ្រាមបែកបាក់ផ្ទៃក្នុងនោះក៏បានប្រកាសផ្តាច់ទំនាក់ទំនងការទូត ជាមួយប្រទេសកាតា ដែលជាក្រុមប្រទេសអារ៉ាប់ និងស្ថិតក្នុងបណ្តារដ្ឋឈូងសមុទ្រ (Gulf states) ដូចគ្នានោះ។
ការប្រកាសនេះធ្វើឡើងដោយរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសយ៉េមែន គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសសម្ព័ន្ធមិត្តនានាដូចជា អារ៉ាប៊ីសាអូឌីត, បារ៉ែន, អេហ្ស៊ីប និងអេមីរ៉ាត់អារ៉ាប់រួមបានសម្រេចផ្តាច់ទំនាក់ទំនងទាំងស្រុង គ្រប់ទម្រង់ជាមួយប្រទេសកាតា។ បន្ថែមពីការកាត់ផ្តាច់ចំណងការទូតនេះ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត ក៏បានកាត់ផ្តាច់ទំនាក់ទំនងរវាងព្រំដែនទឹកដី អាកាស និងសមុទ្រ ជាមួយកាតាថែមទៀត
គួរបញ្ជាក់ថា ការប្រកាសផ្តាច់ទំនាក់ទំនងនេះដោយសារប្រទេសអារ៉ាប៊ីសាអូឌីតបានរកឃើញថា កាតាបានគាំទ្រដល់ពួកភេរវករ និងលួចឧបត្ថម្ភក្រុមជ្រុលនិយមនានា ដែលមានសម្ព័ន្ធនឹងប្រទេសអ៊ីរ៉ង់៕