រាជធានីភ្នំពេញ ៖ មន្ត្រីយោធាដែលកំពុងជិះរថយន្តស៊េរីទំទើប១គ្រឿង បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ ដើម្បីបំបែកហ្វូងក្រុមក្មេងស្ទាវប្រមាណ៣០ម៉ូតូកំពុងដេញកាប់គ្នាយ៉ាងសាហាវ បណ្តាលឲ្យយុវជន ២នាក់ ភ័យជិះរត់ ហើយបានជ្រុលចង្កូត បុកជញ្ជាំងទ្វារផ្ទះប្រជាពលរដ្ឋ ហើយបានបន្តរត់យករួចខ្លួនទាំង២នាក់ ខណៈដែលក្រុមក្មេងស្ទាងមួយចំនួនទៀតបានរត់ចោលម៉ូតូហុងដាឌ្រីម២០១៧ មួយគ្រឿងទៀតផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ ទល់មុខធនាគារ អេស៊ីលីដា ដែលស្ថិតក្នុងសង្កាតផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ២នាក់ ដែលត្រូវក្រុមក្មេងស្ទាវទាំងនោះ ដេញកាប់ ឈ្មោះ ជុំ តុលា អាយុ១៧ឆ្នាំ មុខរបរអ្នកលើកម្ហូបក្នុងហាង ស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូម៉ាក NEX ស្លាកលេខភ្នំពេញ1BZ-1339 រួមដំណើរជាមួយមិត្តភ័ក្រម្នាក់ ឈ្មោះ ឈុំ ហៀង អាយុ១៧ឆ្នាំ របរជាកូនជាងមាស ស្នាក់នៅម្តុំផ្សារ PC សង្កាត់បឹងទំពុន ខណ្ឌមានជ័យ៕