សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅមុននេះបន្តិចថា កូរ៉េខាងជើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់ជាថ្មីម្តងទៀត ចេញពីតំបន់ឆ្នេរខាងកើតរបស់ខ្លួន ។
យោធាកូរ៉េខាងត្បូងបានថ្លែងថា នេះគឺជាលើកទី០៥ហើយ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល គិតចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន ឡើងកាន់តំណែងមក លោកបង្ហាញពីទំនោរចង់ផ្សះផ្សាជាច្រើនលើក។
តាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលប្រឆាំង នាវារយៈចំងាយខ្លី ជាច្រើនគ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញពីតំបន់ Wonsan នៃខេត្ត Kangwon តម្រង់ទៅកាន់តំបន់សមុទ្រខាងកើត ហើយមីស៊ីលនេះអាចរត់បាន ចំងាយ២០០គីឡូម៉ែត្រ មុននឹងធ្លាក់ក្នុងសមុទ្រជប៉ុន ឬសមុទ្រខាងកើត។ ប៉ុន្តែទន្ទឹមគ្នា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគលើការបាញ់សាកល្បងនេះនៅឡើយ៕