តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ជនសង្ស័យសរុបចំនួន៤១នាក់ត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួនដែលអាចជាប់ពាក់ព័ន្ធនឹងករណីវាយប្រហារដោយអំពើភេរវកម្ម ក្នុងសប្តាហ៍នេះ នៅឯរដ្ឋធានីតេហេរ៉ង់។
តាមក្រសួងមហាផ្ទៃនៃប្រទេសអ៊ីរ៉ងបានឲ្យដឹងថា ក្រុមជនសង្ស័យចំនួន៤១នាក់នេះ ដែលអាចមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនាពេលថ្មីៗនេះ ក៏ដូចជាមានចំណងទាក់ទងនឹងក្រុមភេរវករ ISIS ត្រូវបានចាប់ខ្លួននៅតាមបណ្តាខេត្តខុសៗគ្នាទូទាំងផ្ទៃប្រទេស។ ចំណែកទៀតឯកសារ និងសព្វាវុធជាច្រើនទៀត ក៏ត្រូវបានរឹបអូសផងដែរ។
គួរបញ្ជាក់ថា ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ខ្លួនគឺជារៀបចំគម្រោងវាយភេរវកម្មដោយបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើសភា និងផ្នូរបុព្វបុរសលោក Ayatollah Khomeini ដែលជាបិតាស្ថាបនិកនៃសាធារណរដ្ឋអ៊ីរ៉ង កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលបានឆក់យកជីវិតមនុស្សសរុប១៧នាក់ និងបានបណ្តាលឲ្យរាប់សិបនាក់ផ្សេងទៀតរបួស៕