ខេត្តបាត់ដំបង ៖ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់រស់នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកម្សិលមិញ បន្ទាប់ពីរូបគាត់តាំងខ្លួនឯងជាមេភូមិថ្មី ហើយយកតួនាទីក្លែងក្លាយនេះ ទៅចុះហត្ថលេខាលើឯកសាររបស់ប្រជាពលរដ្ឋ ។ សកម្មភាពនោះត្រូវបានធ្វើឡើង បន្ទាប់ពីបានដឹងថា គណបក្សសង្គ្រោះជាតិ បានឈ្នះនៅក្នុងឃុំរបស់គាត់ ហើយមុនពេលបោះឆ្នោតថ្នាក់ដឹកនាំខេត្តរបស់ CNRP សន្យាថា នឹងប្រគល់តំណែងមេភូមិឲ្យគាត់ពេលឈ្នះឆ្នោត ។
សមត្ថកិច្ចខេត្តបាត់ដំបង បានឱ្យដឹងថា បុរសចំណាស់ ដែលតាំងខ្លួនជាមេភូមិថ្មីដោយខុសច្បាប់នោះ មានឈ្មោះ ទុយ ចាន់ រស់នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ហើយការចាប់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ លោក រួម នាង ជាមេភូមិអង្លង់ល្វា។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ លោក ទុយ ចាន់ បានតាំងខ្លួនឯងជាមេភូមិ ហើយចេញលិខិតបញ្ជាក់ រដ្ឋបាល ទៅឱ្យប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមលទ្ធភាព ។ សមត្ថកិច្ចបានចាត់ទុកថា ករណីនេះគឺជាកំហុសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរមួយ ៕