ខេត្តបាត់ដំបង ៖ តុលាការខេត្តបាត់ដំបងបានសម្រេចដោះលែងបុរសចំណាស់ម្នាក់ ជាសកម្មជនគណបក្សសង្គ្រោះជាតិ រស់នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នោះវិញហើយ បន្ទាប់ពីសកម្មជនរូបនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីរូបគាត់តាំងខ្លួនឯងជាមេភូមិថ្មី ហើយយកតួនាទីក្លែងក្លាយនេះទៅចុះហត្ថលេខាលើឯកសាររបស់ប្រជាពលរដ្ឋ បន្ទាប់ពីបានដឹងថាគណបក្សសង្គ្រោះជាតិបានឈ្នះនៅក្នុងឃុំរបស់គាត់នោះ ។
គួររម្លឹកថា ជនដែលតាំងខ្លួនជាមេភូមិឈ្មោះ ទុយ ចាន់ អាយុជាង៦០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ លោក ទុយ ចាន់ បានតាំងខ្លួនឯងជាមេភូមិ ហើយចេញលិខិតបញ្ជាក់រដ្ឋបាល ទៅឲ្យប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់តាមលទ្ធភាព។ សមត្ថកិច្ចបានចាត់ទុកថា ករណីនេះ គឺជាកំហុសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរមួយ៕