ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបវេលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងពីឈ្មោះ ឈឿន វ៉ុង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអនីតិជន២នាក់ជាច្រើនលើក។
ប្រភពព័ត៌មានបានអោយដឹងថា កុមារីរងគ្រោះទាំង២នាក់ជាបងប្អូនបង្កើត ម្នាក់អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ ចំណែកជនល្មើសចិត្តតិរច្ឆានខាងលើត្រូវជាពូបង្កើតរបស់ជនរងគ្រោះ។ តាមការបំភ្លឺរបស់កុមារីរងគ្រោះទាំង២ បានអោយដឹងថា ជនល្មើសបានធ្វើសកម្មភាពរំលោភសេពសន្ថវៈមកលើគេទាំងពីរនាក់បងប្អូននេះយូរមកហើយ និងច្រើនលើកទៀតផង ដោយលើកចុងក្រោយកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។ ជនល្មើសខាងលើមានឈ្មោះ សាន និមល ភេទប្រុស អាយុ៣៦ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕