សម្តេច​ ហ៊ុន សែន ៖ អ្វី​ជា​ឧបសគ្គ​សម្រាប់​លោក សម រង្ស៊ី គឺ​គុគ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ឆ្លើយតប​ទៅនឹង​ការលើក​ឡើ​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាសថា នឹង​មិនទាន់​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ​ទេ លុះត្រា​ឧបសគ្គ​នានា ត្រូវបាន​ដោះស្រាយ ដើម្បី​សុវត្ថិភាព​របស់លោក​នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា អ្វី​ដែលជា​ឧបសគ្គ​សម្រាប់​លោក សម រង្ស៊ី នោះ​គឺ​គុក​។ សម្តេច បាន​បន្ថែមថា បើ​ប្រកាស​មិន ខ្លាច​គុក ចុះ​ម៉េច​មិន​មករក​គុក ។ បើ​គុក​ជា​ឧបសគ្គ មួយជីវិត​នេះ​គាត់​នឹងមិន​ត្រឡប់មកវិញ​ទេ​។​
​ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន ដូច្នេះ​គឺ​ត្រូវបាន​គេ​មើលឃើញ ខណដែល​សម្តេច​បាន​ចូលទៅ Comment លើ Facebook របស់​សារព័ត៌មាន​មួយ នា​យប់​ថ្ងៃទី​១៤ ខែមិថុនា​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា​៖
«​តើ​អ្វី​ទៅ​ដែល​នៅ​ពីក្រោយ​ការផ្លាស់ប្តូរ​គំនិត​របស់គាត់ ដែល​ម្សិលមិញ​ប្រកាសថា នឹង​វិល​ត្រឡប់មកវិញ​ភ្លាម​ប្រសិន​ដក​បំរាម​ចេញ ដែល​បំរាម​នោះ​មាន​គោលដៅ​ការពារ ជិវិត​គាត់​ទៅវិញ​ទេ ព្រោះ​បើ​គាត់​ចូលមក​ច្បាស់​ជា​ត្រូវ​ចាប់ខ្លួន​យកទៅ​ញាត់​គុក ព្រោះ​ខ្ញុំ​មិនអាច​សុំ​លើកលែងទោស​ឲ្យ​គាត់​បាន​ដូច​លើក​មុនៗ​ទៀត​ទេ ។ ក្រោយពី​ការ​ស្តាប់​គាត់​និយាយ​តាម​វិទ្យុ​បរទេស ខ្ញុំ​ខំ​បញ្ជា​ឲ្យ​ដក​បំរាម​ការពារ​ជីវិត​គាត់ ដែល​គាត់​ចាត់ទុកថា ជា​ឧបសគ្គ​សំរាប់​ការវិលត្រឡប់រ​បស់​គាត់​ចេញ ដើម្បី​បើក​ច្រក​សំរាប់​អ្នកក្លាហាន​វិល​មក​ជាប់គុក​ក្នុងស្រុក​តាម​បំណង​របស់គាត់ ។ មិនទាន់បាន​១០​ម៉ោង​ផង អ្នកក្លាហាន​រូបនេះ​ប្រកាស​មិនទាន់​ចូលមក​តាម​ការនិយាយ​តាម​វាយ​ប្ញ​ក​ទៅវិញ ។ រង់ចាំ​ដោះស្រាយ​ឧបសគ្គ​ឲ្យ​អស់​សិន​ចាំ​វិលត្រឡប់​។ អ្វី​ទៅជា​ឧបសគ្គ​? នោះ​គឺ​គុក ។ គាត់​ប្រកាស​មិន​ខ្លាច​គុក ចុះ​ម៉េច​មិន​មករក​គុក​។ បើ​គុក​ជា​ឧបសគ្គ មួយជីវិត​នេះ​គាត់​នឹងមិន​ត្រឡប់មកវិញ​ទេ​» ៕

035c734b-e119-4c30-b86b-4a0cf977cc9d