ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ អាជីវកម្មបូមគ្រួសខ្សាច់គ្មានច្បាប់អនុញ្ញាត និងខុសបច្ចេកទេសមួយកន្លែង ឋិតនៅក្នុងភូមិអណ្តែអូន សង្កាត់ក្រគរ ក្រុងក្រចេះ ត្រូវបានពលរដ្ឋចំនួន ២០គ្រួសារ រស់នៅចំនុចទីតាំងខាងលើនាំគ្នាធ្វើការតវ៉ាឲ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយអន្តគមន៍បញ្ឈប់សកម្មភាពជាបន្ទាន់។
ទីតាំងអាជីកម្មបូមខ្សាច់គ្មានច្បាប់អនុញ្ញាត និងខុសបច្ចេកទេសនោះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់បុគ្គលឈ្មោះ រស់ ចិន្ដា ហៅតា ឆាខ្វៃ ដែលធ្វើអាជីកម្មបូមគ្រាស់ខ្សាច់មានទីតាំងនៅដីឡូរបស់មន្ទីរសាធារណះការខេត្ត។
ពលរដ្ឋអ្នកតវ៉ាម្នាក់ឈ្មោះ សៅ ទ្រី បានឲ្យដឹងថាមូលហេតុដែលពួកគាត់មកតវ៉ាឲ្យបញ្ឈប់សកម្មភាពអាជីវកម្មខាងលើនោះ ពីព្រោះទីតាំងអាជីវកម្មបូមខ្សាច់មួយនេះខុសបច្ចេកទេស បង្ករឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងនោះ ហើយម្យ៉ាងទៀតផលប៉ះពាល់មាន ៩ចំនុចដូចខាងក្រោម៖ ១-ការដឹកជញ្ជូនដោយរថយន្ថធុនធ្ងន់។ ២-ផ្លូវចាប់ផ្ដើមប៉ោងផត និងឈានទៅខូចខាតទាំងស្រុង។ ៣-ពេលបូមខ្សាច់ម្ដងៗទឹកហូរកាត់ក្រោមផ្ទះប្រជាពលរដ្ឋ។ ៤-យប់ជ្រៅបើករំខានញ័ររញ្ជួយផ្ទះធ្វើអោយមានការភ័យបារម្ភ។ ៥-ពេលបូមខ្សាច់ម្ដងៗសំឡេងរំខាន។ ៦-ខ្យល់ខ្លាំងម្ដងៗខ្សាច់ និងដីប៉ើងហុយផ្ទះរបស់របស់ពលរដ្ឋ។ ៧-ខ្វះការទទួលខុសត្រូវមិនមានការបាញ់ទឺកតាមថ្នល់និងហ៊ុយធ្វើប៉ះពាល់សុខភាព។ ៨-កត្តាទាំងនេះបង្ករអោយអ្នករស់នៅទីនោះមានជំងឺផ្លូវដង្ហើម និង៩-បង្កអោយមានការបាក់ស្រុតច្រាំងទន្លេដែលនាំអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ។
ប្រភពដដែលបានបន្ដទៀតថា កង្វល់ទាំងនេះហើយធ្វើឲ្យពួកគាត់ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ និង សមត្ថកិច្ចរួចអស់ហើយ ប៉ុន្តែសមត្ថកិច្ចហាក់បីដូចជាគ្មានចំណាត់ការ និងមានការគិតគូរយកចិត្តទុកដាក់ដោះស្រាយចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋតែសោះ ពោល គឺទីតាំងអាជីវកម្មមួយនេះ នៅតែបន្ដដំណើរបានដោយរលូនដូចធម្មតា ។
លោក ចាន់ ណា ជាពលរដ្ឋរស់នៅក្នុងភូមិអណ្តែងបានបានឲ្យដឹងដែរថា ការបូមគ្រួសខ្សាច់នៅទីតាំងខាងលើនេះ បានធ្វើអស់រយះពេលជាយូរឆ្នាំមកហើយ ដែល បណ្តាលឲ្យបាក់ច្រាំងទន្លេ នឹងស្រុតដីជាដើម។ មិនត្រឹមតែប៉ុណ្ណោះវាបានធ្វើឲ្យប៉ះពាល់ទ្រព្យសម្បត្តិដូចជាលំនៅដ្ឋានប្រជាពលរដ្ឋ ជាច្រើនគ្រួសារដែលរស់តាមដងទន្លេស្ថិតក្នុង ភូមិអណ្តែងដូន សង្កាត់ក្រគរ ក្រុង ក្រចេះ។
លោក បានបន្តទៀតថា ជាក់ស្តែងកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះមានការបាក់ច្រាំងទន្លេ និងស្រុតដីបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។
ទាក់ទិននឹងបញ្ហាខាងលើនេះ លោក យិន វណ្ណះអភិបាលក្រុងក្រចេះ បានប្រាប់កាសែតតាមទូរសព្វ័កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នោះ ឲ្យដឹងថា កន្លងមកលោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋម្តងរួចមកហើយ ប៉ុន្តែលោកក៌បានស្នើទៅដល់ថ្នាក់ខេត្តផងដែរ។ លោកអភិបាលក្រុង បានបញ្ជាក់ថា ករណីអាជីវកម្មបូមគ្រួសខ្សាច់របស់លោក រស់ ចិន្តា ហៅតាឆាខ្វៃ នេះហួសពីសមត្ថភាពក្រុង ទើបលោកអត់មានលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋទេដោយសារតែការជួលទីតាំងមានការពាក់ព័ន្ធជាមួយសាធារណការខេត្ត ។ ដូច្នេះហើយលោកឲទាក់ទងទៅខេត្ត ព្រោះការងារនេះពាក់ព័ន្ធជាមួយសាលាខេត្ត ។
ចំណែកអាជ្ញាធរខេត្តក្រចេះ ភ្នាក់ងារអ្នកសារព័ត៌មាន មិនទាន់មានការសុំបំភ្លឺពីការពាក់ព័ន្ធបញ្ហាខាងលើនេះ នោះទេ។
ដោយឡែកខាងលោក រស់ ចិន្តា ហៅ តាឆាខ្វៃ ភ្នាក់ងារសារព័ត៌មានរបស់យើងក៏នៅមិនទាន់ធ្វើការទំនាក់ទំនងដើម្បីធ្វើការសម្ភាសន៍បានដូចគ្នាផងដែរ ៕