រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រម្សិលមិញថា មេដឹកនាំឈ្មោះ Abu Bakr al-Baghdadi និងក្រុមមេបញ្ជាការខ្ពស់ជាច្រើនរូបទៀតរបស់ក្រុម ISIS ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសរុស្ស៊ីកាលពីចុងខែឧសភាកន្លងទៅ ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី២៨ ខែឧសភា នោះ ទៅលើកិច្ចប្រជុំរបស់ក្រុម ISIS នៅក្នុងតំបន់ភាគខាងត្បូងជាយទីក្រុង Raqqa ប្រទេសស៊ីរី ហើយក៏បានសម្លាប់ក្រុមមេដឹកនាំថ្នាក់កណ្ដាលរបស់ក្រុមនេះចំនួន៣០នាក់ផងដែរ និងក្រុមអ្នកប្រយុទ្ធប្រហែល៣០០នាក់ផ្សេងទៀត។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយទៀតថា ការវាយប្រហារនោះបានធ្វើឡើងនៅពេលដែលក្រុមមេដឹកនាំរបស់ ISIS បានជួបប្រជុំពិភាក្សាគ្នាពីការដកថយរបស់ពួកគេចេញពីទីក្រុង Raqqa ដែលជាបន្ទាយរឹងមាំបំផុតរបស់ពួកគេក្នុងប្រទេសស៊ីរី៕