ប៉ារីស ៖ ការព្យាកររបស់ទីភ្នាក់ងារបោះឆ្នោតបានបង្ហាញថា ការបោះឆ្នោតជ្រើសរើសសមាជិកសភាកាលពីថ្ងៃម្សិលមិញនៅប្រទេសបារាំង គណបក្ស Republic on the Move ឬគណបក្សបន្តសាធារណរដ្ឋរបស់លោក អេម៉ាញូអែល ម៉ាក្រុង អាចទទួលបានអាសនៈចន្លោះពី៣៥៥ទៅ៣៦៥ នៅក្នុងសភាជាតិ។
តាមពិតការព្យាករពីចំនួនអាសនៈក្នុងសភាដែលគណបក្សលោក ម៉ាក្រុង នឹងទទួលបាននេះគឺលើសពីចំនួនអាសនៈដែលគេត្រូវការឈ្នះដាច់ដើម្បីគ្រប់គ្រងសភាជាតិទៅទៀត ពោលគឺគេកំណត់ត្រឹមតែចំនួន២៨៩កៅអីប៉ុណ្ណោះក្នុងចំណោមចំនួនកៅអីសរុប៥៧៧កៅអី។
នៅពេលរាប់សន្លឹកឆ្នោតបានចំនួន៨២ភាគរយនោះ ក្រសួងមហាផ្ទៃបានប្រកាសថា គណបក្សរបស់លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ៤២ភាគរយ ហើយគណបក្សសាធារណរដ្ឋបានសំឡេង២២ភាគរយ និងគណបក្សរណសិរ្សជាតិបានទទួល១០ភាគរយ។ ចំណែកឯគណបក្សសង្គមនិយមដែលបានគ្រប់គ្រងប្រទេសបារាំងអាណត្តិមុននេះបានធ្លាក់ការគាំទ្ររហូតដល់សល់ត្រឹមតែ៦ភាគរយប៉ុណ្ណោះ៕