លោក កឹម សុខា សន្យា​នឹង​ឈប់​ចងកំហឹង​ជាមួយ​ជនជាតិ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា លោក​នឹង​បញ្ឈប់​នយោបាយ​ចងកំហឹង​ជាមួយ​ជនជាតិ​វៀតណាម​ហើយ បន្ទាប់ពី​គណបក្ស​របស់លោក ធ្លាប់បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា មាន​កំហឹង​គុំ​គួ​ន​ទៅលើ​ជនជាតិ​វៀតណាម ដើម្បី​ទទួលបាន​សម្លេងឆ្នោត ។ លោក​ថា ការប្រើប្រាស់​នយោបាយ​ជាតិនិយម​ជ្រុល ឃោសនា​ឲ្យ​ចងកំហឹង​ជាមួយ​ជនជាតិ​វៀតណាម​នេះ គឺជា​ការខុសឆ្គង​ផ្នែក​នយោបាយ វា​បង្ក​ឲ្យ​មាន​កំហឹង ពូជសាសន៍ ។​
​គួ​រម្លឹកថា លោក សម រង្ស៊ី និង​លោក កឹម សុខា រួមទាំង​សកម្មជន CNRP ជា​ញឹកញាប់​តែងតែ​ប្រើ​វោហា​ស័ព្ទ​ឃោសនា ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ខឹងសម្បារ ចំពោះ​ជនជាតិ​វៀតណាម ហើយ នយោបាយ​នោះបាន​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​មួយ​នេះ ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​យ៉ាងច្រើន​ផងដែរ ។ ដូចជា​កន្លងមក​វោហា​ស័ព្ទ​ដែល​មន្ត្រី​កំពូលៗ​ក៏ដូចជា​សកម្មជន​គាំទ្រ​បក្សប្រឆាំង​នានា​លើកឡើង​ដូចជា ក្រុមហ៊ុន​មួយចំនួន​ដែល​កំពុង គ្រប់គ្រង​នៅលើ​ទឹកដី​កម្ពុជា មាន​ម្ចាស់​សុទ្ធតែ​ជនជាតិ​វៀតណាម ក្រុមហ៊ុន​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​, ក្រុមហ៊ុន​គ្រប់គ្រង​ដី​សម្បទាន​មួយចំនួន​, សណ្ឋាគារ​នៅលើ​ភ្នំ​បូកគោ ។ ល ។​
​ទន្ទឹម​នោះ​រយះពេល​ចុងក្រោយ​នេះ សកម្មជន​របស់​គណ​បក្សប្រឆាំង​បាន​ចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ថា កូនប្រុស​ច្បង និង​ភរិយា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ជា​កូន​របស់​មេដឹកនាំ​ជនជាតិ​វៀតណាម​ថែមទៀត ។​
​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ទទួលស្គាល់ថា គណបក្ស របស់លោក​ធ្លាប់បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មាន​កំហឹង​គុំ​គួ​ន ទៅលើ​ជនជាតិ​វៀតណាម ដើម្បី​ទទួលបាន​សម្លេងឆ្នោត ហើយ​លោក​ទទួលស្គាល់ថា នេះ​ជាការ​ខុសឆ្គង ផ្នែក​នយោបាយ​នាពេល​កន្លងមក៕

fn-2017-06-19-10-40-33-0