រកឃើញ​សារធាតុ​គីមី​ក្នុង​ប្រេងខ្យង​ម៉ាក​«Oyster Sauce»​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2017 ក+ ក-

​ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើ​ផលិតផល​ទំនិញ​អាជីវករ​លក់ដូរ​នៅតាម​ផ្ទះ និង​ទីតាំង​ផ្សេងៗ​ក្នុង​ផ្សា​ស្ទឹងត្រែង ជាពិសេស​រកមើល​ផលិតផល​ប្រេងខ្យង​ម៉ាក Oyster Sauce ដែល​បាន​នាំចូល​មកពី​ក្រៅប្រទេស​ក្រោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ថា មជ្ឈមណ្ឌល​សុវត្ថិភាព​ផលិតផល​ម្ហូបអាហារ​ក្រុង​ហុងកុង​បាន​ជូនដំណឹង​អំពី​ការរកឃើញ​វត្តមាន​សារធាតុ​គីមី Propyl para-hydroxybezoate នៅក្នុង​គំរូ​ផលិតផល​គ្រឿងផ្សំ​ប្រេងខ្យង Oyster Sauce នៃ​កម្មវិធី​អង្កេត​ពិនិត្យ​ផលិតផល​ម្ហូបអាហារ ។​
​មន្ត្រី​សាខា​កាំកុងត្រូល​ឲ្យ​ដឹងថា បន្ទាប់ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ជូនដំណឹង​ដល់​ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំរាជធានី​-​ខេត្ត ជំនាញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បង្ហាញ​នូវ​គំរូ​ដែល​បង្ហាញថា ជា​ផលិតផល​រកឃើញ​វត្តមាន​សារធាតុ​គីមី​ដែល​ហាម​ប្រើ​ក្នុង​ផលិតផល​ម្ហូបអាហារ​ដើម្បី​ឲ្យ​អាជីវករ​ទិញ​លក់​ព្រមទាំង​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​អំពី​ហានិភ័យ​លើ​ការបរិភោគ ។​
​លោក គឹម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ការ​ដាស់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​ប្រុងប្រយ័ត្ន​នេះ​ពីព្រោះ​កន្លងមក​ថ្មីៗ​នេះ​ប្រេងខ្យង​ម៉ាក Oyster Sauce ត្រូវ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​រកឃើញ​មាន​សារជាតិ​គីមី​ក្រោម​បរិភោគ និង​ប៉ះពាល់​ដល់​ផ្នែក​សុខភាព ។​
​លោក​ប្រធាន​សាខា​បន្ថែមថា បញ្ហា​នេះ​យើង​ត្រូវ​ស្វែងយល់ និង​ជួយ​ពិនិត្យមើល​ទាំងអស់គ្នា​ដើម្បី​លើកកម្ពស់​សុខភាព​ដល់​អ្នកប្រើប្រាស់​ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ទៅ​បរិភោគ​អាច​ប៉ះពាល់​សុខភាព​បង្ក​ជា ជម្ងឺរាក​រុះ ឈឺពោះ ក្អក ក្អួត ឬ​កើត​ជម្ងឺ​ផ្សេងៗ​ទៀតហើយ​ចំពោះ​កុមារ​វិញ​បើ​ព្យាបាល​មិនទាន់​អាច​ប្រឈម​នឹង​បាត់បង់​ជីវិត​បាន ។​
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៦​ហើយ​នៅក្នុង​ឆ្នាំ​២០១៧​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ចុះ​អនុវត្ត​ណែនាំ និង​ពិនិត្យ​ទំនិញ​តាម​ទីកន្លែង​លក់ដូរ​ដើម្បី​ពង្រឹង​ការ​គាំពារ​សុខភាព​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់ និង​បង្ការ​បញ្ចៀស​នូវ​ជម្ងឺឆ្លង​ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ​គ្មាន​អនាម័យ ៕

67132574-9e41-480d-b2a3-23d89426e92a