រាជធានីភ្នំពេញ ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងត្រូវប្រឈមមុខនឹងពាក្យបណ្តឹងមួយទៀត ដែលប្តឹងដោយប្រធានគណបក្សយុវជនកម្ពុជា ពីបទបានប្រើប្រាស់សារនយោបាយ នាំឱ្យមានការរើសអើង គណបក្សនយោបាយថែមទៀត ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ថ្ងៃស្អែកនេះ លោកនឹងដាក់ពាក្យបណ្តឹងមួយច្បាប់ទៅតុលាការរាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អំពីសារនយោបាយដែលនាំឲ្យមានការរើសអើង ចំពោះគណបក្សនយោបាយដទៃទៀត ។ លោកថា គោលបំណងនៃការប្តឹងរបស់លោក គឺចង់ទាមទារ ស្វែងរកសេចក្តីថ្លៃថ្នូរជូន គណបក្សតូចៗ និងគណបក្សយុវជនកម្ពជា ព្រមទាំងឱ្យ លោក កឹម សុខា ទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «ទី១៖ គាត់បានចាត់ទុកសន្លឹកឆ្នោតរបស់បក្សផ្សេងក្រៅពីបក្សគាត់ថា ជាការបង្ហិនសន្លឹកឆ្នោត ដែលឆ្លុះបញ្ចាំងពីការរំលោភសិទ្ឋិរបស់ ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់។ ទី២៖ គាត់បញ្ឆេះឲ្យមានការរើសអើងគណបក្សនយោបាយ ដោយគាត់បាននិយាយថាស្រុកខ្មែរ គឺមានបក្សតែពីរ ដែលអាចបម្រើពលរដ្ឋបាន ជាពិសេសមានតែ គណបក្សសង្គ្រោះជាតិតែម្តង ស្របពេលមានគណបក្ស១០ទៀត ដែលគេមានសិទ្ធិ ធ្វើនយោបាយ ដូចបក្សសង្គ្រោះជាតិដែរ។ ទី៣៖ គាត់បានរំលោភច្បាប់រដ្ឋធ្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដែលធានាឱ្យមាន ភាពស្មើគ្នា របស់គណបក្សនយោបាយនីមួយៗ និងទី៥៖ គាត់ប្រើសារនយោបាយ ដែលបានប៉ះពាល់ដល់សកម្មភាពបក្សនយោបាយផ្សេងៗ មានជាអាទិ៍ ដូចជាបក្សយុវជនកម្ពុជា ផងដែរ ដែលមានការរើសអើងពីប្រជាពលរដ្ឋ» ៕