វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា និស្សិតអាមេរិកម្នាក់ដែលកូរ៉េខាងជើងដោះលែងឱ្យមានសេរីភាពតាមគោលការណ៍មនុស្សធម៌ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលជាង១៧ខែ បានទទួលមរណភាពហើយកាលពីថ្ងៃចន្ទម្សិលមិញនេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។
និស្សិតអាមេរិករូបនេះឈ្មោះ Otto Warmbier អាយុ២២ឆ្នាំបានត្រឡប់ទៅដល់ទីក្រុង Cincinnati នៃរដ្ឋ Ohio កាលពីថ្ងៃទី១៣ ខែមិថុនា ដោយរូបគេស្ថិតនៅក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹងមិនដឹងខ្លួន ខណៈដែលកូរ៉េខាងជើងបានអះអាងថា និស្សិតរូបនេះមានជំងឺផ្នែកប្រព័ន្ធប្រសាទ Botulism ហើយការដោះលែងនេះទៀតសោត ធ្វើឡើងផ្អែកលើគោលការណ៍មនុស្សធម៌។
ក្រុមគ្រួសារនិស្សិតរូបនោះបាននិយាយថា វារឿងជាអកុសល ដោយសារតែគ្មានការព្យាបាលត្រឹមត្រូវ និងទទួលរងនូវអំពើសាហាវ ឃោរឃៅនៅកូរ៉េខាងជើង កូនប្រុសជាទីស្រឡាញ់របស់យើង បានទទួលមរណៈភាពហើយនៅម៉ោង២ និង២០នាទីរសៀលថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ទោះបីជាយ៉ាងណា គ្រូពេទ្យអាមេរិកពុំទាន់អាចទាន់បញ្ជាក់ឱ្យបានច្បាស់ នៃមូលហេតុជំងឺនេះនៅឡើយទេ។
គួរបញ្ជាក់ថា និស្សិតឈ្មោះ Otto Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីឆ្នាំ២០១៦ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ ក្រោមការចោទប្រកាន់ មានចេតនាផ្ដួលរំលំរដ្ឋាភិបាលលោក គីម ជុងអ៊ុន៕