គ​.​ជ​.​ប ៖ គណបក្ស​ចំនួន​៧​ទទួលបាន​អ​សនៈ​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គ​.​ជ​.​ប គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចេញ​សេចក្តីព្រាង​ស្តីពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ បាន​បង្ហាញថា​ការបោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃទី​៤​មិថុនា​កន្លងមក​ថ្មីៗ​នេះ មាន គណបក្ស​ចំនួន​៧ ទទួលបាន​អាសនៈ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​បាន​នាំមុខគេ ដោយ​ទទួលបាន​អាសនៈ ៦.៥០២ រី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ស្ថិតនៅ​លេខ​២ ទទួលបាន ៥.០០៥​អាសនៈ​ក្នុងចំណោម​អាសនៈ​ឃុំ​សង្កាត់​សរុប ១១.៥៧២​នាក់ នៅក្នុង​១.៦៤៦ ឃុំ​សង្កាត់ ទូទាំងប្រទេស​។​
​សេចក្តីព្រាង​នៃ​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ដែល​បាន​ផ្សព្វផ្សាយ នា​រសៀល​ម្សិលមិញ បង្ហាញថា​៖​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ចំនួន​អាសនៈ ៦៥០២ នាក់ ក្នុងនោះ​តំណែង​ជា​មេឃុំ មាន​ចំនួន ១.១៥៦ នាក់ ជំទប់​ទី​១ ចំនួន ១.១៤០ នាក់ និង​ជំទប់​ទី​២ ចំនួន ៥០៨ នាក់ ។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ចំនួន​អាសនៈ ៥.០០៥ នាក់ ក្នុងនោះ តំណែង​មេឃុំ ៤៨៩ នាក់ ជំទប់​ទី​១ ចំនួន ៥០២ នាក់ និង​ជំទប់​ទី​២ ចំនួន ១.០៨៦ នាក់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ ចំនួន ២៨ នាក់ ក្នុងនោះ តំណែង​ជា​ជំទប់​ទី​១ ចំនួន ១​នាក់ និង​ជំទប់​ទី​២ ចំនួន ២៦​នាក់​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន ៥ អាសនៈ ក្នុងនោះ មាន​តំណែង​ជា​ជំទប់​ទី​២ ទាំង​៥​នាក់​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន ២៥ អាសនៈ ក្នុងនោះ តំណែង​ជា​មេឃុំ ១​នាក់ ជំទប់​ទី​១​ចំនួន​២ នាក់ និង​ជំទប់​ទី​២ ចំនួន​១៧ នាក់​។ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​អាសនៈ​ចំនួន ២ នាក់ ដែល​ទទួល​តំណែង​ជា​ជំទប់​ទី​២​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​៥ អាសនៈ ក្នុងនោះ មាន​តំណែង​ជំទប់​ទី​១ ចំនួន ១​នាក់ និង​ជំទប់​ទី​២ ចំនួន ២ នាក់​។​
​គ​.​ជ​.​ប បានប្រកាសថា សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ មកពី​គណបក្ស​ជាប់ឆ្នោត​ទាំង​៧ មាន​ចំនួន ១១.៥៧២ នាក់ ក្នុងនោះ មាន​ស្ត្រី ចំនួន ១៩៣៦ នាក់​៕

20170524-115704-thumb3