រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានដាច់ខ្លួនជា២កំណាត់ ចេញពោះវៀនស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដកូរ៉េ២តោនកន្លះបុកជាមួយគោយន្ដកន្ដ្រៃយ៍។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខខ្លោងទ្វារវត្តពូនភ្នំលើ ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍នេះរថយន្ដកូរ៉េ២តោនកន្លះ បើកបរស្របទិសគ្នាពីកើតទៅលិច ជាមួយគោយន្ដកន្រៃ្តយ៍ម៉ាក KUBOTA លុះដល់ចំណុចកើតហេតុរថយន្ដនោះបត់ ស្រាប់តែបុកកិនគោយន្ដតែម្ដង។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះម្ចាស់គោយន្ដកន្ដ្រៃយ៍ ដែលស្លាប់ ឈ្មោះ អ៊ិន ឃីម អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយកើតភ្លាមៗ ម្ចាស់រថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកតែគោយន្ដ និងម្ចាស់ស្លាប់នៅកន្លែងតែប៉ុណ្ណោះ៕