​ថៃ​ចោទប្រកាន់​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​ពីបទ​ប្រឆាំង​បទបញ្ជា​រដ្ឋាភិបាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2017 ក+ ក-

បាងកក ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា សកម្មជន​ការពារ​សិទ្ធិមនុស្ស​ថៃ​ម្នាក់ ត្រូវបាន​រដ្ឋាភិបាលយោធា​ថៃ​ចោទប្រកាន់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​ពីបទ​ប្រឆាំងនឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​។​
​លោក Rangsiman Rome មាន​អាយុ​២៥​ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ និង​ត្រូវបាន​ព្រះរាជអាជ្ញា​យោធា​ថៃ​ម្នាក់​ក្នុង​ទីក្រុង​បាងកក ចោទប្រកាន់​ចំនួន​០៤​ករណី ក្នុងនោះ​រួមមាន​ការប្រមូលផ្ដុំ​ការជួបជុំ​ដោយ​ខុសច្បាប់ កាលពី​ឆ្នាំ​២០១៥ និង​ការធ្វើសកម្មភាព​ប្រឆាំងនឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​យោធា​ថៃ តាមរយៈ​ការចែក​ខិត្តប័ណ្ណ រិះគន់​លើ ការបោះឆ្នោត​ប្រជាមតិ​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​២០១៦​ជាដើម​។​
​គួរ​បញ្ជាក់ថា នេះ​គឺជា​ការចាប់ខ្លួន​អ្នក​រិះគន់​ចុងក្រោយ​បំផុត​សម្រាប់​ការធ្វើសកម្មភាព​ជាប់​ប​ម្រាម គិត​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក​បន្ទាប់ពី​របប​យោធា​បាន​ឡើងកាន់​កាប់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និង​ចាប់ផ្ដើម​បង្ក្រាប ឬ​រឹតត្បិត​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងឡាយណា​ដែល​ហ៊ាន​រិះគន់​ខ្លួន ព្រមទាំង​បាន​ហាមឃាត់​ការជួប​ជុំគ្នា​ចាប់ពី​មនុស្ស​០៥​នាក់ ឡើង​ទៀតផង​៕

1442810749_DSC_3407