រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ប្រធានគណបក្សបានបង្ហាញនូវសារនយោបាយក្តៅទាក់ទងស្ថានការនយោបាយក៏ដូចជាការវាយតម្លៃសភាពការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលថ្មីៗនេះ ។
សម្តេច ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ភ្ជាប់នូវ គោលការណ៍អព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ រើសអើងភេទនោះទេ ហើយគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាថែរក្សាដាច់ខាត នូវសន្តិភាព យើងប្រឆាំងដាច់ខាត ចំពោះទង្វើប្រមាថមើលងាយ ជេរប្រទេចគ្នា ដែលបង្កឲ្យប្រទេស មានកលិយុគម្ដងទៀត ។ គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាការពារខឿនសេដ្ឋកិច្ច រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ មិនឲ្យប្រទេសវិលត្រឡប់ ថយក្រោយម្ដងទៀត ។
សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សបន្តរួបរួមគ្នាជាធ្លុងមួយថែរក្សាសន្តិភាពការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រតែមួយ យើងមិនត្រូវភ្លេចខ្លួន ដើរជាន់ដានអតីតកាលទៀតឡើយ ហើយត្រូវកំចាត់រាល់បាតុភាពទាំងឡាយណា ដែលនាំឲ្យប្រទេសកម្ពុជា វិលថយក្រោយ ។ សម្តេចបញ្ជាក់ថា ការទុកចិត្តរបស់ប្រជាជន លើគណបក្សយើងត្រូវផ្ដល់ជូនប្រជាជនវិញ តាមរយៈការកសាងអភិវឌ្ឍន៍ មូលដ្ឋាន ទាមទារឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនគណបក្ស មិនអាចបោះបង់ចោលសន្តិភាព និងការអភិវឌ្ឍន៍នោះទេ គណបក្ស បានបូជាជីវិត ដើម្បីសង្គ្រោះប្រទេសជាតិ ឲ្យមានសន្តិភាពរីកចម្រើន ដូចសព្វថ្ងៃ ។ យើងមិនអាចឲ្យការខិតខំនេះ របូតផុតចេញពីដៃ នាំទៅដល់វិនាសកម្មនោះទេ ។
ពាក់ព័ន្ធនឹងស្ថានភាពបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់ សម្តេច ហ៊ុន សែន បានស្នើឲ្យយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យមើលតាមអង្គច្បាប់ ដល់ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលមានឈ្មោះថា បន្ទប់ស្ថានការណ៍បោះឆ្នោត ដែលតាមដានការបោះឆ្នោតកន្លងមក ហើយវាយតម្លៃថា ស្ថានការណ៍ការបោះឆ្នោតនៅកម្ពុជា មានភាពមិនប្រក្រតី ខណដែលបន្ទប់ស្ថានការណ៍បោះឆ្នោត ដែលមានអង្គការសង្គមស៊ីវិល ជាង៤០ នោះបានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃ ទី២៤ មិថុនា វាយតម្លៃថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខ្វះយុត្តិធម៌ និងមានភាពមិនប្រក្រតី ។
សម្តេចសង្កត់ធ្ងន់ថា តើអ្វីទៅដែលហៅថា បន្ទប់ស្ថានការណ៍ ដែលថាការបោះឆ្នោត នៅកម្ពុជាកន្លងមក មានភាពអាប់អួរ យើងទាមទារឲ្យអនុវត្តនូវច្បាប់ ។ ពួកគេបានខោកក្បាលគជប ។ ដូច្នេះសម្តេចស្នើឲ្យក្រសួងពិនិត្យមើលតើបន្ទប់ ស្ថានការណ៍ត្រឹមត្រូវឬទេ ពិនិត្យមើលតាមច្បាប់ អង្គការក្រៅរដ្ឋាភិបាល ព្រោះថា ខ្លួនប្រកាសពីភាពជោគជ័យ តែមកខោកក្បាលគជប ហើយគជប ក៏បានចេញសេចក្ដីថ្លែងការណ៍ ទាត់ចោល រួចហើយផងដែរ ។
ទន្ទឹមនោះសម្តេច ហ៊ុន សែន ក៏បានស្នើឲ្យសមាជិកសភា គណកូតាគណបក្សប្រជាជកម្ពុជា ពិនិត្យមើលឡើងវិញ ធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដោយមិនឲ្យអ្នកទោស មានសិទ្ធលូកដៃ ចូលកិច្ចការនយោបាយ ។ ការថ្លែងដូច្នេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានលូកលាន់ចូលកិច្ចការនយោបាយនៅកម្ពុជា ខណដែលលោកស្ថិតជាទណ្ឌិត ។
សម្តេចថ្លែងថា ដៃម្ខាងប្រកាស ជោគជ័យរបស់ខ្លួន ដៃម្ខាងទៀតបែរជា វាយប្រហារមកលើ គណបក្សប្រជាជន និង គជប ។ តើអ្នកទោសមានសិទ្ធផ្សារភ្ជាប់ខ្លួន ជាមួយគណបក្ស នយោបាយដែរទេ? បើវាមិនគ្រប់គ្រាន់ យើងត្រូវវិសោធនកម្មច្បាប់ គណបក្សនយោបាយបន្តទៀត ។ ដូចជាឥឡូវអ្នកទោសបានលូកលាន់ ចូលកិច្ចការ គណបក្សនយោបាយ បង្កហិង្សាមិនចេះចប់ ។ ដូច្នេះសម្តេចស្នើសុំឲ្យសភាកូតា CPP ពិនិត្យមើលលទ្ធភាព ដើម្បីធ្វើវិសោកនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីកុំឲ្យអ្នកទោសមានសិទ្ធិចូលរួមនយោបាយ ។
យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន ព្រមានជាថ្មីថា សង្គ្រាមអាចកើតមាន នៅកម្ពុជាដោយសារ តែសម្ដីប្រមាថមាក់ងាយ របស់មន្ត្រីគណបក្ស ប្រឆាំង មកលើគណបក្សកាន់អំណាច និងគណបក្សនយោបាយដទៃ ទាំងដែលបក្សខ្លួនមិនទាន់ នឹងឈ្នះឆ្នោតផងនោះ ។ សម្តេចបញ្ជាក់ថា សង្គ្រាមមិនចាំបាច់ តែមានអាវុធទេ សង្គ្រាមវាបានកើតឡើង តារយៈអណ្ដាតរបស់អ្នក ដែលមើលងាយមើលថោក គណបក្សប្រជាជនកម្ពុជា យើងមិនដែលមើលងាយ គណបក្សណាមួយទេ មិនថាមានកៅអី ក្នុងរដ្ឋសភា ឬគ្មាននោះទេ ៕