រាជធានីភ្នំពេញ ៖ បុគ្គលិកទូរទស្សន៍ភីអិនអិនរបស់ឧកញ៉ាលីយុងផាត់ប្រហែល២០០នាក់បានដើរចេញឈប់ធ្វើការដោយសារតែពួកគេមិនពេញចិត្តនឹងអ្នកគ្រប់គ្រងផលិតកម្មវិធីជាជនជាតិថៃ ឈ្មោះ កាស៊ីប៉ាវកំហែង ហៅឃុនធឺត។
អតីតអ្នកផលិតកម្មវិធីម្នាក់សុំមិនបញ្ចោញឈ្មោះដែលបានចាកចេញ បានបង្ហើបប្រាប់ថា ការសម្រេចចិត្តលាឈប់ដោយសារតែមិនសប្បាយចិត្ត ចំពោះស្រីជនជាតិថៃម្នាក់ឈ្មោះ កាស៊ីប៉ាវកំហែងដែលមានតួនាទីត្រឹមតែជាប្រធានគ្រប់គ្រង តែចូលចិត្តបញ្ចោញអាកប្បកិរិយាច្រងេង ច្រងាងច្រឡោងខាមប្រើសម្តីត្រគោះបោះបោក គ្មានសីលធម៌គំរោះគំរើយមកលើផលិតករខ្មែរ បុគ្គលិកខ្មែរគ្រប់កម្មវិធីផ្សាយនានា។ ស្រីជនជាតិថៃនោះតែងតែបញ្ចោញឬកពាច្រឡោងខាមនៅមុខមហាជន ជាពិសេសនៅចំពោះមុខតារាកិត្តិយស និងនៅមុខអ្នកឧបត្ថម្ភកម្មវិធី ធ្វើហាក់ដូចជាផលិតករខ្មែរគ្មានសមត្ថភាពដឹកនាំ ល្ងង់ខ្លៅ មានតែពួកគេទើបចេះ…។ ជាពិសេសឱ្យតែមានកម្មវិធីបុណ្យជាតិខ្មែរ បុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះមហាក្សត្រខ្មែរ ឬកម្មវិធីដែលជាប្រពៃណីជាតិផ្សេងៗ ដែលតម្រូវឱ្យមានការតុបតែងឆាកឱ្យមានលក្ខណៈសមស្របទៅតាមប្រពៃណីខ្មែរ គឺស្រីជនជាតិថៃ Kansee Paokamhaeng ធ្វើការជំទាស់មិនឱ្យយើងធ្វើអ្វីដែលទាក់ទងនឹងប្រពៃណីខ្មែរយើងឡើយ។
ដោយឡែកប្រភពមួយផ្សេងទៀតបានឱ្យដឹងថា ស្ថានីយទូរទស្សន៍ PNN ដែលដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៥ ដោយមានបុគ្គលិកប្រមាណ៣០០នាក់ តែពេលបច្ចុប្បន្ននៅសល់បុគ្គលិកតែជាង១០០នាក់ប៉ុណ្ណោះ ហើយក៏នៅមានដាក់ពាក្យឈប់បន្តទៀត ដោយសារតែមិនអាចទ្រាំទ្រជាមួយការប្រើសម្តី និងអាកប្បកិរិយាច្រឡោងខាមរបស់ជនជាតិថៃ ឈ្មោះកាស៊ីប៉ាវកំហែងដែលពេលខ្លះបានស្រែកឡូឡាផ្អើលមនុស្សពេញ Studio តែម្តង៕