ញូដេលី ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាបានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌា (Air India) ដែលមានអាយុកាលប្រមាណ៧០ឆ្នាំ និងកំពុងជំពាក់បំណុលរហូតដល់ទៅ៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានលោកនាយករដ្ឋមន្ត្រី Narendra Modi ផ្តល់សិទ្ធិអនុញ្ញាតសម្រាប់គម្រោងនៃការលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនមួយនេះ។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Sputnik។
ក្រុមហ៊ុនអាកាសចរណ៍ Air India ត្រូវបានស្ថាបនាឡើងដោយលោក Jehangir Ratanji Dadabhoy Tata កាលពី១៩៣២ ជាមួយនិងឈ្មោះថា Tata Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍បំផុតរបស់ប្រទេសឥណ្ឌា ហើយក្រោយមកក៏ត្រូវបានប្តូរឈ្មោះនិងក្លាយជាអាកាសជាតិកាលពីឆ្នាំ១៩៥៣។ ដោយឡែកកាលពីឆ្នាំ២០០១ រដ្ឋបាលឥណ្ឌាក្រោមអតីតមេដឹកនាំលោក Atal Behari Vajpayee ក៏ធ្លាប់បានព្យាយាមលក់ Air India ម្តងរួចមកហើយដែរទៅឲ្យសម្ព័ន្ធ Tata Group និងអាកាសចរណ៍សិង្ហបុរី Singapore Airlines ក៏ប៉ុន្តែមិនបានជោគជ័យ ដោយ Singpapore Airlines បានសម្រេចដកខ្លួនមិនព្រមទិញយកវិញ៕