ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ព្រោះតែជីភាពគ្រួសារក្រីក្របានឆ្លៀតឡើងបេះ ផ្លែព្រីងទុកសម្រាប់លក់រកប្រាក់ចំណូលបន្ថែមក្រៅពីធ្វើស្រែចំការ តែបែជាអកុសល បាក់ធ្លាក់កប់ចូលទឹកស្រែស្លាប់ នៅកន្លែង តាំងពីព្រឹក រហូតដល់វេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ទើប្តីបានប្រទះឃើញ ដេកផ្កាប់មុខក្នុងទឹកស្រែក្រោមដើមព្រីងស្លាប់បាត់ទៅហើយ ក្រោយភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ស្ត្រីរងគ្រោះ ឈ្មោះ ហ៊ួន សុខុម ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ សង្កាត់កើតហេតុ ។
តាមសាច់ញាតិបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នេះជនរងគ្រោះចេញពីផ្ទះទៅរកបេះផ្លែព្រីងដូចសព្វដងតែថ្ងៃនេះបានបាត់រហូត មិនឃើញវិលវិញ រហូតដល់វេលារសៀលថ្ងៃដដែល បុរសជាប្តីបានស្រែកហៅផងរកមើលផង ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់ កប់ក្នុងទឹកក្រោមដើមព្រីងទៅវិញ ទើបផ្អើលឆោឡោ ដឹងថាជនរងគ្រោះ ស្លាប់ដោយសារធ្លាក់ពីលើចុងព្រីង ។
តាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ដើរបេះផ្លែព្រីងលក់ ជាអកុសល នៅថ្ងៃកើតហេតុ បន្ទាប់ពីឡើងបេះផ្លែព្រីងនៅវាលស្រែក្រៅភូមិ បែជាបាក់ធ្លាក់ស្លាប់ តាំងពីព្រឹក តែគ្មានអ្នកណាដឹង រហូតដល់ល្ងាចទើបប្រទះឃើញ ដេកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងទឹកស្រែ ហើយពលរដ្ឋនាំគ្នាសែងសាកសពត្រឡប់មកផ្ទះ រាយការណ៍ ប្រាប់សមត្ថកិច្ចចុះពិនិត្យមើលរួចសពត្រូវបានគ្រួសាររៀបចំធ្វើនុណ្យតាមប្រពៃណី ៕