តូក្យូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំសហរដ្ឋអាមេរិក និងជប៉ុនបានអះអាងថា នឹងបង្កើនចំណាត់ការក្តៅកាន់តែខ្លាំងជាងមុខថែមទៀត ក្នុងការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានថ្លែងថា ការអះអាងរបស់ប្រមុខដឹកនាំទាំងពីរគឺ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កិច្ចសន្ទនាទ្វេភាគីតាមប្រព័ន្ធទូរស័ព្ទនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងបញ្ជាក់ពី កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូល G20 នៃគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ នាចុងសប្តាហ៍នេះ៕