ចិន​បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​ទៅ​​កំញើញនាវា​ពិឃាត​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2017 ក+ ក-

ប៉េកាំង ៖ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង បាន​ឲ្យ​ដឹងថា ជាការ​ឆ្លើយតប​រដ្ឋាភិបាល​ចិន​បាន​សម្រេចចិត្ត​បញ្ជូន​នាវា និង​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង ទៅ​កំញើញ​នាវា​ពិឃាត​អាមេរិក USS Stethem ដែល​កំពុងធ្វើការ​ចល័ត​នៅ​ចំងាយ​ប្រមាណ​ជា ២២​គីឡូម៉ែត្រ​ពី​កោះ Triton ឬ​ហៅ​ជា​ភាសា​ចិន​ថា Xisha ជា​ផ្នែក​មួយ​នៃ​ទីប្រជុំ​កោះ Paracel ក្នុង​តំបន់​សមុទ្រ​ខាងត្បូង​។​
​អ្នកនាំពាក្យ​រូបនេះ​បាន​លើកឡើងថា «​ដោយ​សំអាង​លើ​សេរីភាព​នាវាចរ ភាគី​សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវា ចម្បាំង​សាជាថ្មី ចូលមកក្នុង​ដែនទឹក​នៃ​កោះ Xisha របស់​ចិន​ដោយ​គ្មាន​ការអនុញាត​… ហើយ​អាកប្បកិរិយា​បែបនេះ​របស់​សហរដ្ឋអាមេរិក គឺជា​ទង្វើ​រំលោភ​លើ​ដែន​អធិបតេយ្យភាព និង​បង្ក​ជា​ហានិភ័យ​ដល់​សន្តិសុខ​របស់​ចិន​, រំលោភ​លើ​ច្បាប់​អន្តរជាតិ​, បំផ្លាញ​សន្តិភាព​, សន្តិសុខ​, សណ្ដាប់ធ្នាប់​សមុទ្រ​… ដូច្នេះ​ចិន​បានសម្រេច​ចិត្ត​បញ្ជូន​នាវា និង​យន្ដហោះ​ចម្បាំង​ជាច្រើន គ្រឿង​ជាការ​ឆ្លើយតប​ទៅនឹង​នាវាចម្បាំង​អាមេរិក​»​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​។​
​ទោះជា​មានការ​ព្រមាន​ក៏ដោយ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ម្នាក់​បាន​អះអាងថា ទីក្រុង​វ៉ាស៊ីនតោន នឹង​នៅតែ​បន្តធ្វើ​សកម្មភាព​នាវា​ល្បាត នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដដែល ពីព្រោះ​វា​គ្រាន់តែ​ធ្វើឡើង​ក្រោម​ក្របខណ្ឌ នៃ​កម្មវិធី​សេរីភាព​ធ្វើ​នាវាចរ​ដូច​ទម្លាប់​សព្វដង​តែប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​បញ្ជូន​នាវា​ពិឃាត USS Stethem ដោយមាន​បំពាក់​មី​ស៊ី​ល​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ស្រប​ពេលដែល​ទំនាក់ទំនង​ជាមួយ​ចិន កំពុងមាន​ភាពមិនច្បាស់លាស់​៕

fn-2017-07-03-09-23-17-0