រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នៅកាស ចូលកាន់តំណែងនៅថ្ងៃនេះ ដោយរាជធានីខេត្ត ជាអ្នករៀបចំប្រកាស ។
លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់អស់ហើយ ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ហើយការប្រកាសនេះក្រសួងមហាផ្ទៃប្រគល់ជូនឲ្យរាជធានី-ខេត្តជាអ្នកចាត់ចែង គឺចាប់ផ្ដើមប្រកាសនៅថ្ងៃនេះទូទាំងប្រទេស និយាយរួមគ្រប់រាជធានី-ខេត្តទាំងអស់ប្រកាសចាប់ពីថ្ងៃនេះ ប៉ុន្ដែគ្រាន់តែថាមិនបានខេត្តធ្វើ ខេត្តខ្លះមិនទាន់ធ្វើ»។
គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការរួចហើយ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសសរុប ៦,៥០៣អាសនៈ ស្ត្រី ១,៣៨៦អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ចំនួន ១១៥៦អាសនៈ ជំទប់ទី១ចំនួន ១១៣៩អាសនៈ ជំទប់ទី២ ចំនួន ៥១០អាសនៈ។
គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥០០៧អាសនៈ ស្ត្រី ៥៥៣អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ ៤៨៩អាសនៈ ជំទប់ទី១ ចំនួន ៥០៣អាសនៈ ជំទប់ទី២ ចំនួន ១០៨៧អាសនៈ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៨អាសនៈ ក្នុងនោះជំទប់ទី១ ចំនួន ១អាសនៈ ជំទប់ទី២ ចំនួន ២៦អាសនៈ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន ៤អាសនៈ ដែលសុទ្ធតែជាជំទប់ទី២។
គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៤អាសនៈ ក្នុងនោះ មេឃុំចំនួន ១អាសនៈ ជំទប់ទី១ ចំនួន ២អាសនៈ និងជំទប់ទី២ចំនួន ១៦អាសនៈ។
គណបក្សសំបុកឃ្មុំ ទទួលបានអាសនៈសាមជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១អាសនៈ ជាជំទប់ទី២។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥អាសនៈ ក្នុងនោះជំទប់ទី១ មាន ១អាសនៈ និងជំទប់ទី២ មាន ២អាសនៈ៕