ប៉ារីស ៖ អាជ្ញាធរបារាំងឃុំខ្លួនបុរសជាជនសង្ស័យស្ដាំនិយមជ្រុលម្នាក់ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នាឱកាសប្រារព្ធពិធីបុណ្យជាតិបារាំង Bastille Day នៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំងបានឲ្យដឹងថា ជនសង្ស័យខាងលើមានអាយុ២៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅជាយទីក្រុងប៉ារីស កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា បន្ទាប់ពីប៉ូលិសទទួលបានព័ត៌មានពីអ្នកប្រើប្រាស់គេហទំព័រ Videogame មួយមានអាស័យដ្ឋាន jeuxvideo.com ថារូបគេមានបំណងទិញកាំភ្លើងមួយដើមម៉ាក kalachnikov។ បុរសជាជនសង្ស័យរូបនេះត្រូវបានគេរាយការណ៍ថាជាមនុស្សគ្មានការងារធ្វើ, មានបញ្ហាផ្លូវចិត្ត និងជាមនុស្សងប់នឹងមនោគមន៍ជាតិស្ដាំនិយមជ្រុល។
ដោយឡែកបើប៉ូលិសបានឲ្យដឹងថា មិនតែប៉ុណ្ណោះរូបគេក៏មានបំណងចង់វាយប្រហារលើអ្នកកាន់សាសនាអ៊ីស្លាម, ជនជាតិជីព្វ,ជនជាតិស្បែកខ្មៅ និងអ្នកស្រឡាញ់ភេទដូចគ្នាផងដែរផងដែរ។ ទន្ទឹមនោះក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវថាតើមានជាប់ពាក់ព័ន្ធនឹងក្រុមអង្គការភេរវកម្មណាមួយដែរឬទេ ខណៈពួកគេបានរកឃើញកូនកាំបិតចំនួន០៣នៅក្នុងរថយន្ដរបស់ បុរសម្នាក់នេះ៕