ខេត្តសៀមរាប ៖ ជនដៃដល់ចាក់សម្លាប់បុគ្គលិកហាង Internet នៅកណ្តាលក្រុងតាខ្មៅត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមចាប់បាននៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅលើទឹកដីខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ឹង ចាន់រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបលក់ដូរនៅផ្សារតាខ្មៅ មានស្រុកកំណើតនៅ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបន្តថា យោងតាមចម្លើយសារភាពរបស់ជនដៃដល់ ដែលបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ ដែលជាបុគ្គលិកផ្ទះបើក Internet នៅកណ្ដាលក្រុងតាខ្មៅ មូលហេតុមកពីខ្លួនជំពាក់លុយជាង១ពាន់ដុល្លារ ហើយការសម្លាប់នេះដើម្បីប្លន់យកទ្រព្យសម្បត្តិ ប៉ុន្ដែយកមិនបាននោះទេ ដោយសារតែកេះលុយជាប់សោរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យកងរាជអាវុធហត្ថខេត្តបញ្ជូនទៅប្រគល់ឱ្យកងរាជអាវុធហត្ថខេត្តកណ្តាល នៅវេលាម៉ោងជិត៧យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ករណីចាក់សម្លាប់ជនរងគ្រោះបានកើតឡើងកាលពីរវេលាម៉ោង៤ និង៥១នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ទឹក កន្លែងលេងអ៊ិនធឺណែត ភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល៕