ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំឡូតសហការជាមួយក្រុមជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណីដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៦កញ្ចប់បញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់អោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យក្នុងករណីជួញដូរថ្នាំញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ ផាត់ ថន ហៅ វន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ចំណែក វត្ថុតាងដកហូតបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៦កញ្ចប់ ទម្ងន់៩,៤១ក្រាម អំពូលទែរម៉ូម៉ែត្រកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន១
ដបកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន១ និងដែកកេះចំនួន៣
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការនៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះដើម្បីចាត់ការទៅតាមនីតិវិធី៕