តុលាការ​សម្រេច​ឃុំខ្លួន​ឃាតករ​សម្លាប់​បុគ្គលិក​អ៊ីនធឺណិត​នៅ​ក្រុង​តាខ្មៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2017 ក+ ក-

ខេត្តកណ្ដាល ៖ កាលពី​រសៀល​ម្សិលមិញ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​លោក ទី សំណាង បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ជនដៃដល់​ដែល​បាន​ចាក់​សម្លាប់​យុវជន​ជា​បុគ្គលិក​ហាង Internet នា​ក្រុង​តាខ្មៅ​។ នេះ​បើ​ការ​ឲ្យ​ដឹង​ពី​លោក សូ សារិន ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល​។​
​ជនសង្ស័យ​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី សម្រេច​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន​» តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​ឃាតកម្ម​គិតទុក​ជាមុន កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញថា ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​។​
​ជនសង្ស័យ អ៊ឹង ចាន់​រតនៈ អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ស្រុកកំណើត​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលមាន​ប្រពន្ធ និង​កូន​ម្នាក់ បាន​ងប់​ង​ល់​នឹង​ហ្គេម Internet រហូត​យក​ម៉ូតូ​ឪពុកមា​របស់ខ្លួន​ទៅ​បញ្ចាំ​បាន​ប្រាក់​១,១០០​ដុល្លារ ហើយ​យកទៅ​លេង​ហ្គេម​រហូត​ចាញ់​អស់​ទៀត ទើប​ចុងក្រោយ​រៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ​តែម្ដង​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ រ័ត្ន ពុទ្ធ​ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ហាង Internet (​មាន​ហ្គេម​តាម​អន​ឡាញ​) និង​ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ឪពុក​ឈ្មោះ រ័ត្ន វាសនា និង​ម្តាយ​ឈ្មោះ ឆាយ មុំ​៕

fn-2017-07-05-15-14-51-0

fn-2017-07-05-17-34-01-0