បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​៣​នាក់ ដកហូត​ថ្នាំ​ជាង​២០០​កញ្ចប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2017 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បានធ្វើការ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​៣​នាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន​២១៥​កញ្ចប់ ខណៈដែល​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឹ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន បាន​ឲ្យ​ដឹងថា ដើមឡើយ​មុខសញ្ញា​សង្ស័យ​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ណុំ វិសាល អាយុ​២៣​ឆ្នាំ និង​ឈ្មោះ ស្រួយ គឹមហុង អាយុ​៣៣​ឆ្នាំ ដោយ​ក្នុងនោះ ដកហូត​បាន​ម្ស៉ៅ​ក្រាម​ព័ណ៌​ស​ថ្លា ចំនួន​៨​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​។ លោកស្នងការ​បន្ដថា ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា គ្រឿងញៀន​ខាងលើនេះ​ជា​របស់​ឈ្មោះ សន ក្រឹម អាយុ​៣០ ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ភ្លាមនោះ​បន្ទាប់ពី​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា កម្លាំង​របស់លោក​បាន​បន្ដទៅ​ឃាត់ខ្លួន​ឈ្មោះ សន ក្រឹម ហើយ​បាន​ឆែកឆេរ​នៅក្នុង​ផ្ទះ ស្រាប់តែ​រកឃើញ​គ្រឿងញៀន ចំនួន​២០៧​កញ្ចប់​បន្ថែមទៀត​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​ជំនាញ ដកហូត​បាន​ថ្នាំញៀន​សរុប​២១៥​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

fn-2017-07-05-21-18-13-0