សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍ថា កូរ៉េខាងជើងប្រកាសថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ជុំវិញការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយហៅសមយុទ្ធនេះគឺជាទង្វើ បង្កទៅជាសង្គ្រាមនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ និងសង្គ្រាមលោកសាជាថ្មី។
ការព្រមានបែបនេះរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកពីរគ្រឿងធុន B-1B Lancers ឱ្យទៅហោះឆ្វែលពីលើឧបទ្វីបកូរ៉េ ក្រោម ក្របខណ្ឌនៃសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដែលត្រូវបានគេមើលឃើញថា ជាចេតនាផ្ញើសារព្រមានទៅកាន់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានប្រកាសពីជោគជ័យនៃការបាញ់សាក ល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍មុន។
ដោយឡែកជុំវិញសមយុទ្ធយោធានេះផងដែរសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun កាលពីថ្ងៃអាទិត្យបានថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនថា ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង វាគឺការយកប្រេងទៅជះលើភ្លើងកំពុងឆេះប៉ុណ្ណោះ៕