ក្រសួង​ព្រមាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅប្រទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ព្រមាន​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស និង​គ្រប់គ្រង​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ទាំងអស់ អនុវត្ត​ការងារ​ស្របទៅតាម​នីតិវិធី​ច្បាប់​កម្ពុជា និង​ប្រទេស​ទទួល​ពលករ ជៀសវាង​ការជួញដូរ​មនុស្ស​ការ​រំលោភបំពាន និង​ដើម្បី​ការពារ​សិទ្ធិ​ប្រយោជន៍​របស់​ពលករ ។​
​ការព្រមាន ឬ ដាក់​កំហិត​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ម្សិលមិញ ក្រោម​វត្តមាន លោក​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ជាមួយ​តំណាង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន ប្រចាំ​ប្រទេស​ថៃ នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ។​
​លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​កា​ងារ​ក៏បាន​ថ្លែង​ទាក់ទង​ទៅនឹង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ជាពិសេស​ពលករ​ខុសច្បាប់ ខណដែល​អាជ្ញាធរ​ថៃ​បាន​កែទម្រង់​ច្បាប់​រឹតបន្តឹង​ដល់​និយោជក និង​កម្មករ​ខុសច្បាប់ ។ លោក​បន្តថា បញ្ហា​នាំ​ឲ្យ​ពលករ និង​ក្រុមគ្រួសារ​របស់​ពលករ​មានការ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​សុវត្ថិភាព និង​ជីវភាព​របស់​ពួកគាត់ ជាពិសេស​ការបណ្តេញចេញ​ពលករ​ខុសច្បាប់​ពី​ប្រទេស​ថៃ ដែល​ធ្លាប់បាន​កើតឡើង​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០១៤​។​
​លោក​រដ្ឋមន្ត្រី​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​នាំ​ពលករ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពលករ ជៀសវាង​ការប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ផ្សេងៗ​របស់​ប្រទេស​ថៃ ដែល​នាំទៅដល់​ការចាប់ខ្លួន​បញ្ជូនទៅ​កម្ពុជា​វិញ​។ ទន្ទឹម​នោះ ក្រសួង​នឹង​ចាត់វិធានការ​តឹងរឹង ចំពោះ​ក្រុមហ៊ុន​ណា​ដែល​អនុវត្ត​ខុសច្បាប់ ឬ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពលករ ៕

fn-2017-07-20-21-12-22-0