ខេត្តឧត្តរមានជ័យ ៖ អ្នកទោសចូលកាប់ឈើគ្រញូងក្នុងដីថៃចំនួន៣នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ តាមច្រកអន្តរជាតិជាំសាងុំ ស្ថិតក្នុងភូមជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ពលរដ្ឋខ្មែរទាំង៣នាក់នោះត្រូវបានគេស្គាល់ ទី១. ឈ្មោះ ឆេង គឿន ភេទប្រុស ៦៣ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំពាមសង្កែ ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប, ទី២. ឈ្មោះ ប៉ាក់ ចិន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិដូនឡី ឃុំពាមសង្កែ និងទី៣. ឈ្មោះ ងួន ឃន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្នោតម្ហូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។
អាជ្ញាធរថៃបានបញ្ជាក់ថា អ្នកទោសឈើគ្រញូងទាំង៣នាក់នោះត្រូវទាហានថៃ ចាប់ខ្លួនថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ និងកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដោយលួចចូលតាមច្រកភូមិសាស្ត្រក្បាលអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕