ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីហិង្សាមួយកើតឡើងរវាងមន្ត្រីយោធា និងមន្ត្រីគយប្រចាំច្រកព្រំដែនអូររំដួល ដូចគ្នា នៅក្ខុងបន្ទប់ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ខារ៉ាអូខេ យីហោ «ជីវ៉េល» ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ដោយយោងប្រភពពីសមត្ថកិច្ចស្រុកកំរៀង បានឱ្យដឹងទៀតថា ជនបង្កខាងលើឈ្មោះ ផាន យុទ្ធឋាន ជាមន្ត្រីយោធាមានឋានន្តរសក្តិវរសេនីយ៍ឯក ជាប្រធានការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអូររំដួល ស្រុកភ្នំព្រឹក ។ រីឯបុរសរងគ្រោះឈ្មោះ ឈួន ឃីសាក់ អាយុ៤៧ឆ្នាំ ជាមន្ត្រីគយប្រចាំច្រកអូររំដួល ស្រុកភ្នំព្រឹក (រងរបួសចំចិញ្ចើមភ្នែកម្ខាង )។
ប្រភពឱ្យដឹងទៀតថា នៅមុនពេលកើតហេតុវេលាម៉ោងខាងលើជនបង្កដែលជាមន្ត្រីយោធានោះបានដើរចូលទៅក្នុងបន្ទប់ខារ៉ាអូខេរបស់ជនរងគ្រោះ ដោយ ខឹងសម្បារយ៉ាងខ្លាំងក៏ដើរទៅសួរអ្នកដែលកំពុងច្រៀងនោះថា តើអ្នកណាជិះឡានពណ៌ ស មកទីនេះ។ស្រាប់តែ លោក យ៉ែម ហែមរ៉ាត ជាប្រធានគយរដ្ឋាករច្រកអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង បានតបមកវិញថា ខ្ញុំអ្នកបើកយកមកទេ។ នៅពេលនោះមន្ត្រីយោធា បន្ថែមថា ចាប់ឡានគេហើយ យកជិះដើរលេង ច្រៀងខារ៉ាអូខេទៀត នេះឫមន្ដ្រីគយស្អាតស្អំ។
នៅពេលនោះ លោក ឈួន គីសាក់ បានស្ទុះងើបឡើង ហើយប្រហែលជាភាគីម្ខាងទៀតស្មានតែមកវាយលើមន្ត្រីយោធា និងឃើញសភាពស្រវឹងផងនោះ មន្ត្រីយោធាក៏ក្រវៀសដៃចំចិញ្ចើមលោក ឈួន គីសាក់ រួចក៏បង្កឲ្យទៅជាឆាកប្រយុទ្ធគ្នាតែម្តង។ភ្លាមៗនោះ មានការផ្ញាក់ផ្អើលខ្លាំង ហើយ គ្នីគ្នាទាំងសងខាងចូលទៅជួយឃាត់និងទាញចេញមកក្រៅវិញ ហើយ ក៏ឡើងជិះរថយន្តចេញទៅបាត់រៀងៗខ្លួន។
ប្រភពបន្តថា បន្ទាប់មក ភាគីខាង មន្ត្រីគយដែលអះអាងថាជាអ្នករងគ្រោះ បានទៅដាក់ពាក្សប្តឹងនៅមូលដ្ឋានស្រុកកំរៀងទាំងយប់។
ចំពោះព័ត៌មាននេះសូមបងប្អូនប្រិយមិត្តយើងតាមដានទាំងអស់គ្នានៅរឿងរាវរបស់មន្ត្រីទាំងពីរនាក់នៅច្រកអូររំដួលដូចគ្នា តើតទៅមុខទៀតត្រូវបញ្ចប់នៅពេលណានោះទេ។
សូមជម្រាបថា កន្លងមក ច្រកព្រំដែនអូររំដួល ក្នុងខេត្តបាត់ដំបង បានរង ការរិះគន់យ៉ាងខ្លាំងពីអំពើពុករលួយដោយការឃុបឃិតគ្នាបើកឲ្យមានការនាំចូលទំនិញ និងរថយន្ត គេចពន្ធជាដើម៕