ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា សង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន នឹងនៅតែបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត ដោយគ្មានការបន្ធូរបន្ថយដៃជាដាច់ខាត ទោះបីជាមានការរិះគន់ខ្លាំងៗពីសំណាក់មេដឹកនាំពិភពលោកមួយចំនួន និងក្រុមអង្គការសិទ្ធិមនុស្សក៏ដោយ។ លោកថ្លែងបែបនេះនៅចំពោះមុខសភា ក្នុងឱកាសនៃការថ្លែងសារជាតិប្រចាំឆ្នាំជាលើកទីពីរ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
មេដឹកនាំហ្វីលីពីនវ័យ៧២ឆ្នាំរូបនេះបានថ្លែងថា «ជនជួញដូរឬប្រើប្រាស់គ្រឿង គឺជាឬសគល់នៃអំពើដ៏អាក្រក់ៗនិងការរងទុកវេទនាជាច្រើន ដែលបានធ្វើឲ្យសង្គមហ្វីលីពីនមានភាពចុះខ្សោយ ហើយបានបណ្តាលឲ្យវិនិយោគិនបរទេស មិនហ៊ានមកបណ្តាក់ទុននៅក្នុងប្រទេសមួយនេះ។ ដូច្នេះហើយសង្គ្រាមគ្រឿងញៀន នឹងមិនអាចបញ្ចប់នោះឡើយ រហូតទាល់តែជនទាំងឡាយ ដែលពាក់ព័ន្ធ ក្នុងបទឧក្រិដ្ឋនេះ យល់ច្បាស់ថាពួកគេត្រូវតែបន្ថយ និងបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះថាបើមិនដូច្នោះទេ គឺមានតែគុកច្រវ៉ាក់ ឬឋាននរកតែប៉ុណ្ណោះរង់ចាំពួកគេ»។
សូមជម្រាបថា ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាម ដែលបើតាមរបាយការណ៍មួយចំនួនបានឲ្យដឹងថា បានផ្តាច់យកជីវិតជនសង្ស័យអស់រាប់ពាន់នាក់៕