ខេត្តព្រះវិហារ ៖ អាជ្ញាធរបានឲ្យដឹងថា ខណៈនេះស្រុកជាំក្សាន្តខេត្តព្រះវិហារកំពុងប្រឈមទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងនៅតែបន្តធ្លាក់ជាប់គ្នាជាច្រើនថ្ងៃមកនេះ ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងជាប្រធានក្រុមគ្រប់គ្រងគ្រោះមហន្តរាយស្រុកជាំក្សាន្ត បានអោយដឹងថា គ្រោះមហន្តរាយបង្កដោយទឹកជំនន់ បានប៉ះពាល់ដល់ឃុំចំនួន៨ ស្មើនឹង៤៩ភូមិ។ ក្នុងនោះប៉ះពាល់លើដំណាំស្រូវចំនួន២៩៧៤ហិកតា និងដំណាំរួមផ្សំចំនួន៦ហិកតា លិចផ្លូវ៩៨៨៥ម៉ែត្រ ខូចស្ពានឈើ២កន្លែង លិចផ្ទះ៣២០ខ្នង និងមនុស្ស២នាក់ លង់ទឹកស្លាប់។
ប្រឈមមុខនឹងស្ថានភាពបែបនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបញ្ជាអោយយកគ្រឿងចក្រក្រសួងសាធារណការ កាយផ្តាច់ផ្លូវដើម្បីបញ្ជៀសមុខទឹកកុំអោយប៉ះពាល់លើផ្លូវលំដែលជាផ្លូវមេមួយតភ្ជាប់ពីផ្សារស្រះក្តុលកាត់តាមទំនប់អូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិ និងជួយកាត់បន្ថយការលំបាកនានារបស់ប្រជាពលរដ្ឋ៕