សាលាឧទ្ធរណ៍បើកសវនាការសំណុំរឿងក្ដីលោកស្រី ទេព វន្នី
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះសាលាឧទ្ធរណ៍បានបើកសវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ពាក់ព័ន្ធបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់៕